អាស៊ីអឺរ៉ុប សម្រេចខ្ចីជើងកីឡាករស្វាយរៀង ២រូប ស្របពេលទទួលដំណឹងល្អរឿង Privat

នូ មករា June 29, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់អាស៊ីអឺរ៉ុប បានបន្ថែមកម្លាំងថ្មី ២រូបទៀតហើយ ដើម្បីធ្វើសង្គ្រាមលើសមរភូមិវាលស្មៅនៅជើងទី២ នៃលីគកំពូលកម្ពុជា ខណៈខ្សែប្រយុទ្ធ Mbarga Jean Marie Privat បានបង្ហាញចេតនាជួយក្រុមកំពុងឈរលេខរៀងទី៥ នេះ រហូតដល់ចប់រដូវកាលទៀតផង ។ យោងតាមព័ត៌មានលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបអាស៊ីអឺរ៉ុប បានបញ្ជាក់ថា សមាជិកថ្មី ២រូបខាងលើ គឺក្លឹបបានខ្ចីជើងពីក្រុមព្រះខ័នរាជស្វាយរៀង រួមមានខ្សែការពារ ឡាយ រស្មី និងខ្សែប្រយុទ្ធវ័យក្មេង ម៉ន កក្កដា ដើម្បីពង្រឹងតំបន់ប្រយុទ្ធ និងការពារឲ្យបានកាន់តែល្អប្រសើរនៅជើងទី២ ហើយឈានទៅសម្រេចគោលដៅឈរក្បែប្រអប់ Top-4 នារដូវកាលឆ្នាំ២០១៨ នេះ ។

ទន្ទឹមនឹងការនាំចូលកីឡាករក្នុងស្រុកនេះដែរ ថ្នាក់ដឹកនាំក្រុមបង្កព្យុះភ្លៀងក្នុងជើងទី១ នៃលីគកំពូលកម្ពុជានេះ បានបង្ហើបឲ្យដឹងថា ពេលនេះកីឡាករសញ្ជាតិកាមេរ៉ូន Privat បានបដិសេធការចរចាជាមួយក្លឹបផ្សេងៗ រួមទាំងក្លឹប នៃលីគបង់ក្លាដេសផងដែរ ដើម្បីទុកឱកាសជួយក្រុមអាស៊ីអឺរ៉ុបដល់ចប់រដូវកាល ។ សម្រាប់ព័ត៌មាននេះ ត្រូវបានសមាជិកក្រុមអាស៊ីអឺរ៉ុប សម្ដែងការត្រេកអរជាខ្លាំង ដែលទទួលបានតារាជើងស៊ុតរូបនេះ នៅបន្ដជួយក្រុមខ្លួន ។

ចំពោះលទ្ធផលបណ្ដោះអាសន្នកាលពីជើងទី១ ក្រុមអាស៊ីអឺរ៉ុប បានបញ្ចប់ការប្រកួត ១១លើកដោឈរលេខរៀងទី៥ និងមាន ១៨ពិន្ទុ ជាមួយលទ្ធផលឈ្នះ៥ ស្មើ៣ និងចាញ់៣ ។ ប៉ុន្ដែមហិច្ឆតារបស់គ្រូបង្វឹកលោក សុក វាសនា បានអះអាងថា សម្រាប់រដូវកាលនេះ លោកប្ដេជ្ញាចិត្តនឹងជួយក្រុមក្របខណ្ឌសាកលវិទ្យាល័យនេះ ឲ្យឈរយ៉ាងហោចក្បែប្រអប់ Top-4 ទោះបីមិនអាចប្រជែងតំណែងជើងឯកក៏ដោយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់