ប្រវត្តិត្រួសៗរបស់កីឡាករបរទេសចំណូលថ្មីទាំង ២រូបនៅក្លឹបព្រះខ័នរាជស្វាយរៀង

នូ មករា June 29, 2018


ភ្នំពេញ៖ បន្ទាប់ពីបានបញ្ចប់កិច្ចសន្យាជាមួយកីឡាករបរទេស ៣នាក់រួចមក ក្លឹបព្រះខ័នរាជស្វាយរៀងបានប្រកាសពីសមាជិកថ្មី ៣រូបសម្រាប់ជើងទី២ នៃលីគកំពូលកម្ពុជាដែលក្នុងនោះមានកីឡាករ ប្រាក់ មុនីឧត្តម និងកីឡាករបរទេស ២នាក់ទៀតដោយម្នាក់ជាជនជាតិអង់គ្លេស និងម្នាក់ទៀតជាកីឡាករប្រេសុីល ។

តាមការបញ្ជាក់របស់ក្លឹបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះបានឱ្យដឹងថា កីឡាករវ័យក្មេងជនជាតិអង់គ្លេស Harley Bryn Willard ទើបតែប្តូរមកពីក្លឹប Hassleholms IF ក្នុងលីគទី៤ របស់ប្រទេសស៊ុយអែតជាទីដែលរូបគេរកបាន ៨គ្រាប់នៅក្នុងការប្រកួត ១១លើកនៅរដូវកាលនេះ ។ កីឡាករវ័យ ២០ឆ្នាំនេះក៏ជាអតីតយុវជនថ្នាលរបស់ក្លឹប Arsenal FC និង Southampton FC ថែមទៀតផង ។

ចំពោះខ្សែប្រយុទ្ធប្រេសុីល Sergio Barboza Da Silva Junior​ វិញមានវ័យ ២៥ឆ្នាំ និងធ្លាប់លេងនៅក្លឹប Master 7 FC  នៅលីគកំពូលឡាវដោយរកបាន ៧គ្រាប់នៅក្នុងការប្រកួត ១០លើកនារដូវកាលនេះ ។ កីឡាករវ័យក្មេងនេះធ្លាប់លេងនៅក្លឹបចំនួន ៥នៅក្នុងប្រទេសកំណើតរបស់ខ្លួន មុននឹងប្តូរទៅប្រកបអាជីពបាល់ទាត់នៅប្រទេសកូស្តារីកា, ក្វាតេម៉ាឡា និងហុងឌូរ៉ាស់ ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺកីឡាករទាំង ៣រូបនឹងត្រូវបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការប្រកួតរវាងក្រុមព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៍នាថ្ងៃសៅរ៍ ទី៣០ ខែកក្កដាស្អែកនេះនៅកីឡដ្ឋានស្វាយរៀងផ្ទាល់តែម្តង ៕

អត្ថបទ៖ មករា

មតិយោបល់