Sandra ប្ដេជ្ញាជួយកម្ពុជា ទោះស្ថិតក្នុងពូលជាមួយក្រុមប្រទេសកំណើតឪពុកខ្លួនក៏ដោយ!

នូ មករា June 29, 2018


ភ្នំពេញ៖ កីឡាការិនីកូនកាត់ខ្មែរ-អូស្ដ្រាលី Sandra Hill នៅតែបង្ហាញមោទកភាពចំពោះការជួយក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ខណៈបេសកកម្មប្រកួតពានរង្វាន់ AFF Women’s Championship 2018 កាន់តែខិតជិតនឹងចាប់ផ្ដើម ពិសេសគឺ Sandra បានប្ដេជ្ញាចិត្តនឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីជួយក្រុមតំណាងប្រទេសកំណើតរបស់ម្ដាយ ទោះត្រូវប្រឈមមុខជាមួយក្រុមខ្លាំងអូស្ដ្រាលី ដែលស្ថិតក្នុងពូលជាមួយគ្នា និងត្រូវជាក្រុមតំណាងប្រទេសកំណើតឪពុកក៏ដោយ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ទីកន្លែងរៀបចំព្រឹត្តិការណ៍ AFF Women’s Championship 2018 កាលពីម្សិលមិញ Sandra បានលើកឡើងថា នាងបានត្រៀមខ្លួនជាស្រេច ដើម្បីជួយក្រុមបាល់ទាត់នារីកម្ពុជា ហើយពោរពេញដោយទំនុកចិត្តទៀតផង ខណៈក្រុមកម្ពុជាត្រូវជួប រួមមានថៃ អូស្ដ្រាលី ម៉ាឡេស៊ី និងទីម័រខាងកើត ។ សមាជិកក្រុមនៃលីគកំពូលអាមេរិកបន្ដថា ទោះបីត្រូវជួបក្រុម តំណាងប្រទេសកំណើតឪពុក ក៏ខ្លួនត្រូវធ្វើឲ្យបានល្អ ដើម្បីជួយកម្ពុជាដែរ ព្រោះពេលនេះខ្លួនលេងក្នុងនាមតំណាងកីឡាការិនីកម្ពុជា ។
លោក មាស សំអឿន គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានបញ្ជាក់ដែរថា កីឡាការិនី ត្រូវជាសាច់ឈាមបង្កើតជាមួយបងប្អូនត្រកូល “ប្រាក់” រូបនេះ ពិតជាមានទេពកោសល្យ និងសមត្ថភាពខ្ពស់ តែបញ្ហាត្រង់ថា ការមកហ្វឹកហាត់នៅកម្ពុជា នាងមិនទាន់ស៊ាំនឹងអាកាសធាតុ ក៏ដូចជាចំណីអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងការហ្វឹកហាត់ ។ ប៉ុន្ដែដោយសារការស្រលាញ់របស់នាង Sandra បានបង្ហាញនូវឆន្ទៈខ្ពស់ក្នុងការជួយក្រុមកម្ពុជា ។ ដូច្នេះលោករំពឹងថា កីឡាការិនីកូនកាត់រូបនេះ នឹងក្លាយជាផ្នែកមួយដ៏សំខាន់ នៅក្នុងការប្រកួតកម្រិតតំបន់នាពេលខាងមុខ ។
 
គួរបញ្ជាក់ថា ពានរង្វាន់ AFF Women’s Championship 2018 នឹងចាប់ផ្ដើមការប្រកួតផ្លូវការ នៅថ្ងៃទី៣០ ខែមិថុនាស្អែកនេះ ដោយប្រកួតបើឆាកពូលA ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ត្រូវជួបក្រុមបាល់ទាត់នារីទីម័រខាងកើត គ្រាដែលព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ គ្រោងបញ្ចប់នៅថ្ងៃទី១៣ ខែកក្កដាខាងមុខ ៕
អត្ថបទ៖ បុត្រា

មតិយោបល់