អនាគត ប្រាក់ មុន្នីឧត្តម និងព្រះខ័នរាជស្វាយរៀង អាចដឹងច្បាស់ស្អែកនេះ!

នូ មករា June 28, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងមានរៀបចំសន្និសីទសារព័ត៌មានមួយ នៅព្រឹកថ្ងៃទី២៩ ខែមិថុនាស្អែកនេះ ដើម្បីបង្ហាញវត្តមានសមាជិកថ្មីត្រៀមជើងទី២ នៃលីគកំពូលកម្ពុជា ដែលត្រូវបន្ដការប្រកួតនាចុងសប្ដាហ៍នេះ ។ ចាំមើលតើ ប្រាក់ មុន្នីឧត្តម អាចវិលមកជួយក្រុមចាស់របស់ខ្លួនវិញ ដូច ចាន់ វឌ្ឍនាកា ដែល ឬក៏យ៉ាងណា?

បើតាមការលួចបង្ហើបពីអ្នកគាំទ្រក្រុមប្រមូលផ្ដុំដោយយុវជននេះ បានឲ្យដឹងថា សន្និសីទសារព័ត៌មានថ្ងៃស្អែក អាចនឹងដឹងច្បាស់ពីជោគវាសនារបស់កីឡាករ ប្រាក់ មុន្នីឧត្តម ជាមួយក្រុមព្រះខ័នរាជស្វាយរៀង ខណៈតាមគម្រោងក្លឹប នឹងធ្វើការបង្ហាញសមាជិកថ្មី ៣រូប តែមិនទាន់ច្បាស់នឹងមានវត្តមានខ្សែប្រយុទ្ធដ៏មានប្រជាប្រិយភាព ប្រាក់ មុន្នីឧត្តម ឬមិនមាននោះទេ ។

គួរបញ្ជាក់ថា ក្រោយចែកផ្លូវជាមួយក្លឹប Negeri Sembilan នៃលីគកំពូលម៉ាឡេស៊ី ប្រាក់ មុន្នីឧត្តម មិនត្រូវបានបង្ហើបពីតម្រុយឲ្យក្លឹបថ្មីនោះទេ ក្រៅពីព័ត៌មានចរចាមអារ៉ាមថា សមាជិកក្រុមជម្រើសជាតិកម្ពុជារូបនេះ ត្រៀមខ្លួនជួយក្រុមព្រះខ័នរាជស្វាយរៀងជាថ្មី ។ ប៉ុន្ដែព័ត៌មានច្បាស់ការយ៉ាងណា សូមកុំភ្លេចចាំអ៊ុតលទ្ធផលទាំងអស់គ្នា តើខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះ នឹងលេងឲ្យក្លឹបណានៅជើងទី២?

អត្ថបទ៖ បុត្រា

មតិយោបល់