ស៊ូ យ៉ាទី ទម្លាយមូលហេតុចាកចេញពីបឹងកេត ចូលណាហ្គា!

នូ មករា June 28, 2018


ភ្នំពេញ៖ ក្រោយចាកចេញពីក្រុមបឹងកេត ទៅរួមរស់ជាមួយក្រុមណាហ្គាវើល អ្នកចាំទីឆ្នើម ស៊ូ យ៉ាទី បានបន្សល់នូវការងឿងឆ្ងល់មួយចំនួន សម្រាប់អ្នកគាំទ្រក្រុមបឹងកេត និងរូបគេផ្ទាល់ ។ ប៉ុន្ដែពេលនេះ យ៉ាទី បានទម្លាយមូលហេតុច្បាស់លាស់ហើយ គឺដោយសាររឿង ២យ៉ាង ទើបជំរុញឲ្យគេសម្រេចចិត្តដើរចេញពីក្លឹបជើងឯក ៣ជំនាន់ដូច្នេះ ។ អ្នកចាំវ័យ ២៦ឆ្នាំរូបនេះបានឲ្យដឹងថា៖ «ការផ្លាស់មកលេងឲ្យណាហ្គាវើល ដោយសារខ្ញុំចង់បានបទពិសោធន៍ថ្មីមួយទៀត ជាមួយក្លឹបថ្មី ហើយមួយវិញទៀត គឺខ្ញុំចង់ផ្ដល់ឱកាសឲ្យ គឹម មករា(អ្នកចាំទីបឹងកេតបច្ចុប្បន្ន) គាត់មានឱកាសបញ្ចេញសមត្ថភាព ។ ចឹងបានខ្ញុំសុខចិត្តផ្លាស់ប្ដូរមកក្លឹបណាហ្គាវើលតែម្ដង ព្រោះខ្ញុំក៏ចង់បានបទពិសោធន៍ថ្មី ដើម្បីអភិវឌ្ឍន៍សមត្ថភាពបន្ថែមដែរ» ។
បន្ថែមលើនេះ ស៊ូ យ៉ាទី ហាក់គ្មានក្ដីបារម្ភ ចំពោះកៅអីជម្រើស ១១នាក់ដំបូងនៅណាហ្គាវើលឡើយ ទោះបីត្រូវរួមទ្រនំជាមួយអ្នកចាំទីមានបទពិសោធន៍ និងសមត្ថភាពដូចគ្នា គឺកីឡាករ សំរឹទ្ធ សីហា ក៏ដោយ ។ យ៉ាទី បានបន្ដថា៖ «ខ្ញុំរីករាយនឹងសហការជាមួយ សីហា ព្រោះខ្ញុំក៏ជាអតីតមិត្តរួមក្រុមកាលលេងនៅក្រសួងការពារជាតិដែរ ។ ដូច្នេះខ្ញុំរំពឹងថា ពួកយើងនឹងពួតដៃគ្នាធ្វើបានល្អ សម្រាប់ជើងទី២ នាពេលខាងមុខ» ។
គួរបញ្ជាក់ថា ស៊ូ យ៉ាទី គឺជាអ្នកចាំទីដ៏មានបទពិសោធន៍នៅកម្ពុជា ក្រោយចូលប្រឡូកអាជីពបាល់ទាត់លើកដំបូង នៅឆ្នាំ២០០៦ ដោយធ្លាប់លេងឲ្យក្លឹបធំៗជាច្រើន ដូចជាក្រុមបៀលប្រាយ ឆ្នាំ២០០៦-២០០៧, ក្លឹបក្រសួងការពារជាតិ ឆ្នាំ២០០៩-២០១៣, ក្លឹបភ្នំពេញក្រោន ចាប់ពីឆ្នាំ២០១៣-២០១៥ និងក្លឹបបឹងកេត ឆ្នាំ២០១៥-២០១៨ ហើយជាបណ្ដោះអាសន្នពេលនេះ គេក៏បានចុះកុងត្រា ២ឆ្នាំកន្លះជាមួយក្រុមណាហ្គាវើលផងដែរ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់