ក្ដៅៗ! វិសាខា បញ្ចប់កុងត្រាកីឡាករ ៣នាក់ ក្រោយចប់ជើងទី១ នៃលីគកំពូលកម្ពុជា

នូ មករា June 26, 2018


ភ្នំពេញ៖ កីឡាករ នុត ស៊ីនួន, ពៅ ភារិទ្ធ និងកីឡាករ អ៊ីវ វិមាន ត្រូវបានក្លឹបបាល់ទាត់វិសាខា បញ្ចប់កុងត្រាហើយ បន្ទាប់ពីពួកគេបានរួមរស់ជាមួយក្រុមទើបឡើងមកពីលីគទី២ នេះបាន ១ជើង ។ នេះបើតាមការបង្ហើបឲ្យដឹងពីប្រភពស្និទ្ធស្នាលជាមួយកីឡាករខាងលើ ។

ការបញ្ចប់កុងត្រាកីឡាករម្ដង ៣នាក់នេះ បានធ្វើឡើងក្រោយ ១ថ្ងៃ បន្ទាប់ពីការប្រកួតវគ្គសន្សំពិន្ទុជើងទី១ នៃលីគកំពូលកម្ពុជា បានបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅ ។ ប៉ុន្ដែយ៉ាងណាប្រភពខាងលើ មិនបានបញ្ជាក់ពីមូលហេតុ ជុំវិញការចែកផ្លូវគ្នារវាងកីឡាករទាំង ៣ និងក្លឹបវិសាខានោះទេ ហើយទន្ទឹមជាមួយគ្នាក្លឹបផ្ទាល់ ក៏មិនបានប្រកាសជាសាធារណៈផងដែរ ។

គួរបញ្ជាក់ថា កីឡាករ នុត ស៊ីនួន, ពៅ ភារិទ្ធ និងកីឡាករ អ៊ីវ វិមាន គឺជាកីឡាករមានបទពិសោធន៍ច្រើនក្នុងអាជីពបាល់ទាត់ ប៉ុន្ដែសម្រាប់ជើងទី១ កន្លងមក ពួកគេមិនសូវបានបង្ហាញវត្តមានជាមួយក្រុមប៉ុន្មានទេ ។ បើនិយាយពីកីឡាករ នុត ស៊ីនួន និង ពៅ ភារិទ្ធ សុទ្ធតែជាកីឡាករមានបទពិសោធន៍ជោគជាំលើទីលាន ដោយធ្លាប់បានលេងឲ្យក្លឹបជាច្រើននៅលីគកំពូលកម្ពុជា ៕

អត្ថបទ៖ បុត្រា

មតិយោបល់