អនាគត Privat ជាមួយអាស៊ីអឺរ៉ុប កំពុងស្ថិតក្នុងភាពស្រពេចស្រពិល!

នូ មករា June 26, 2018


ភ្នំពេញ៖ ក្រោយលីគកំពូលកម្ពុជា ត្រូវបានបញ្ចប់ការប្រកួតជើងទី១ ប៉ុន្ដែអនាគតកីឡាករ Befolo Privat Mbarga ជាមួយក្រុមកំពុងឡើងជើងអាស៊ីអឺរ៉ុប នៅមិនទាន់ដាច់ស្រលះនោះទេ ទោះបីកន្លងមកគ្រូបង្វឹកលោក សុក វាសនា បានបញ្ជាក់ថា ភាគរយខ្ពស់កីឡាករកាមេរ៉ូនរូបនេះ នឹងចាកចេញពីអាស៊ីអឺរ៉ុប ក្រោយចប់ជើងទី១ ក៏ដោយ ។  

បើតាមការបញ្ជាក់របស់លោក សុក វាសនា ដែលជួយអាស៊ីអឺរ៉ុប ឡើងឈរកៅអីលេខរៀងទី៥ បណ្ដោះអាសន្នក្នុងជើងទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ បានឲ្យដឹងថា ជុំវិញព័ត៌មានចាកចេញរបស់ Privat គឺកំពុងស្ថិតក្នុងស្ថានភាពស្រពេចស្រពិលនៅឡើយ ខណៈក្លឹបបានផ្ដល់ជម្រើសដល់រូបគេ ក្នុងការជ្រើសរើសត្រូវនៅបន្ដ ឬត្រូវចែកផ្លូវគ្នា ។ ដូច្នេះចម្លើយច្បាស់ការអាចនឹងដឹងក្នុងរយៈពេល ២ថ្ងៃខាងមុខ ។

ប៉ុន្ដែអតីតគ្រូបង្វឹកក្រុមយុវជនក្រុមព្រះខ័នរាជស្វាយរៀងរូបនេះ បានសង្កត់ធ្ងន់ថា ទោះបី Privat ត្រូវចាកចេញពីអាស៊ីអឺរ៉ុបក៏ដោយ តែកីឡាករកំពុងឈរកំពូលតារាងអ្នកបញ្ចូលទីច្រើនជាងគេ(Top-Scorers) រូបនេះ នឹងនៅបន្ដជួយក្រុមលោកយ៉ាងតិច ៣ប្រកួតទៀតដែរ ។ តាមការបញ្ជាក់ដូច្នេះ បានន័យថា ប្រសិនបើ Privat ចាកចេញពិតមែន ក៏ទំនងមិនលេងឲ្យក្លឹបក្នុងស្រុកដែរ ព្រោះរដូវកាលដោះដូកីឡាករក្នុងលីគកំពូលកម្ពុជា ត្រូវបិទនៅថ្ងៃទី២៩ ខែមិថុនាសប្ដាហ៍នេះ ។

សូមបញ្ជាក់ថា ជាបណ្ដោះអាសន្នក្រោយឆ្លងកាត់ការប្រកួត ១១សប្ដាហ៍ Privat មិនត្រឹមតែជួយអាស៊ីអឺរ៉ុប ឡើងឈរលេខរៀងទី៥ និងមាន ១៨ពិន្ទុនោះទេ គេថែមទាំងរក្សាកំណត់ឈរកំពូលតារាង Top-Scorers ទៀតផង ដោយរកបាន ១៦គ្រាប់ នាំមុខកីឡាករ Bisan George របស់ណាហ្គាវើល ដែលរកបាន ១៣គ្រាប់ ។ ចំណែកកីឡាករ Julius Oiboh និងកីឡាករ Maycon សមាជិកក្រុមបឹងកេតឈរលេខ៣ និងលេខ៤ ដោយរកបាន ៩គ្រាប់ស្មើគ្នា ៕

អត្ថបទ៖ បុត្រា

មតិយោបល់