លីគកំពូលកម្ពុជា បន្ដប្រកួតជើងទី២ សប្ដាហ៍នេះ អត់សម្រាកឡើយ

នូ មករា June 26, 2018


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា នឹងបន្ដការប្រកួតសន្សំពិន្ទុជើងទី២ នាចុងសប្ដាហ៍នេះ ដោយមិនសម្រាកការប្រកួតតាមការគ្រោងទុកឡើយ ក្រោយអូសបន្លាយក្នុងការលើកការប្រកួតជាច្រើនសប្ដាហ៍ ដោយសារក្រុមជម្រើសជាតិក្រោមអាយុ ២១ឆ្នាំកម្ពុជា ក្នុងការប្រកួតពានរង្វាន់អន្ដរជាតិកាលពីពេលកន្លងទៅ ។

បើតាមការបញ្ជាក់របស់មន្ដ្រីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) តាមកាលវិភាគចាស់ ក្រោយបញ្ចប់ការប្រកួតជើងទី១ លីគកំពូលកម្ពុជាត្រូវសម្រាករយៈពេល ២សប្ដាហ៍ ប៉ុន្ដែព្រោះតែការលើកពេលជាច្រើនសប្ដាហ៍ អំឡុងពេលក្រុម U21កម្ពុជា ចូលរួមប្រកួតពានរង្វាន់ស្ដេចប្រទេសប្រ៊ុយណេ ទើប CNCC សម្រេចបន្ដការប្រកួតជើងទី២ តែម្ដង ដើម្បីសម្រួលក្លឹបសមាជិកលីគកំពូលកម្ពុជាទាំងអស់ ។


ចំពោះកម្មវិធីសប្ដាហ៍ទី១២ បើកឆាកជើងទី២ នឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី០១ ខែកក្កដាចុងសប្ដាហ៍នេះ ដោយមាន ៦ប្រកួតធម្មតា ។ ប៉ុន្ដែមុនចូលដល់ការប្រកួតជើងទី២ លទ្ធផលបណ្ដោះអាសន្នពេលនេះ គឺក្រុមការពារតំណែងជើងឯកបឹងកេត កំពុងឈរកំពូលតារាងមាន ២៧ពិន្ទុ លើក្រុមណាហ្គាវើលឈរលេខ២ មាន ២៥ពិន្ទុ ។ ចំណែកវិសាខាឈរលេខ៣ មាន ២៣ពិន្ទុ លើក្រុមក្រសួងការពារជាតិឈរលេខ៤ មាន ២១ពិន្ទុ គ្រាដែលអាស៊ីអឺរ៉ុប និងភ្នំពេញក្រោនមាន ១៨ពិន្ទុស្មើគ្នា ។ រីឯក្រុមមិនទាន់ស្គាល់ឈ្នះ ឬស្មើ គឺក្រុមវេស្ទើនភ្នំពេញ ឈរបាតតារាងគ្មានពិន្ទុរាប់ឡើយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់