ទាយមើល! ឧត្តម ចូលក្លឹបណាបើ វឌ្ឍនាកា ចូលក្លឹបចាស់ ខណៈ សុខផេង ផ្លាស់ទៅក្លឹបថ្មី?

នូ មករា June 25, 2018


ភ្នំពេញ៖ ស្របពេលលីគកំពូលកម្ពុជា បានបញ្ចប់ការប្រកួតសន្សំពិន្ទុជើងទី១ កីឡាករ ប្រាក់ មុន្នីឧត្តម នៅមិនទាន់បង្ហាញតម្រុយពីក្លឹបថ្មី ដែលខ្លួនត្រូវបន្ដអាជីពនោះទេ ខណៈកីឡាករមិត្ដរួមជាតិ ២រូប ដែលត្រូវបានក្លឹបសមាជិកលីគកំពូលម៉ាឡេស៊ីបញ្ចប់កុងត្រាមុនកំណត់ដូចគ្នា បានរកទ្រនំ ដើម្បីបន្ដអាជីពបានហើយ ពោលគឺកីឡាករ ចាន់ វឌ្ឍនាកា បានសម្រេចចិត្តលេងឲ្យក្លឹបចាស់ បឹងកេតអែហ្វស៊ី គ្រាដែលកីឡាករ កែវ សុខផេង បានសម្រេចចិត្តលេងឲ្យក្លឹបថ្មី វិសាខា ក្នុងកិច្ចសន្យាបិទជិតដូចគ្នា ។

គួរបញ្ជាក់ថា កីឡាករឆ្នើមៗរបស់កម្ពុជាទាំង ៣រូបខាងលើ កាលពីដើមរដូវកាល សុទ្ធតែបានទៅប្រកបអាជីពនៅលីគកំពូលកម្ពុជា ក្នុងនោះចាន់ វឌ្ឍនាកា លេងឲ្យក្លឹប Pahang FA, កែវ សុខផេង លេងឲ្យយក្លឹប PKNP FC និងកីឡាករ ប្រាក់ មុន្នីឧត្តម លេងឲ្យក្លឹប Nigeri Sembilan ជាមួយកិច្ចសន្យា ១រដូវកាលដូចគ្នា ។ ប៉ុន្ដែក្រោយលេងស្ទើរមិនបានពាក់កណ្ដាលជើងទី១ ស្រាប់តែក្លឹបប្រកាសបញ្ចប់កុងត្រា មុនកំណត់ជាបន្ដបន្ទាប់ ដោយអះអាងថា កីឡាករកម្ពុជាទាំង ៣ បង្ហាញសមត្ថភាពមិនបានល្អ តាមការចង់បានរបស់ក្លឹប ។

ក្រោយត្រឡប់ពីម៉ាឡេស៊ី កីឡាករ កែវ សុខផេង រកបានទ្រនំថ្មីមុនគេ ដោយសម្រេចលេងឲ្យក្លឹបវិសាខា មិនបានត្រឡប់មកជួយក្លឹបចាស់ ភ្នំពេញក្រោននោះទេ ។ ចំណែកកីឡាករ ចាន់ វឌ្ឍនាកា ត្រូវបានក្លឹបចាស់ បឹងកេត ប្រកាសចាប់ដៃគ្នាធ្វើសង្គ្រាមលើសមរភូមិវាលខ្មៅជាថ្មី កាលពីចុងសប្ដាហ៍កន្លងទៅ ។ ប៉ុន្ដែកីឡាករ ប្រាក់ មុន្នីឧត្តម រហូតមកទល់ពេលនេះ នៅមិនទាន់មានតម្រុយណា បញ្ជាក់ថា គេត្រូវត្រឡប់ទៅលេងឲ្យក្លឹបចាស់ ព្រះខ័នរាជស្វាយរៀង ឬក្លឹបថ្មីក្នុងស្រុក ឬក្លឹបបរទេសនោះទេ ស្របពេលលីគកំពូកម្ពុជា នឹងបន្ដការប្រកួតជើងទី២ នៅសប្ដាហ៍ក្រោយ មិនមានការសម្រេចឡើយ ។ ដូច្នេះសូមចូលរួមទស្សន៍ទាយទាំងអស់គ្នា តើកីឡាករជម្រើសជាតិកម្ពុជា ប្រាក់ មុន្នីឧត្តម នឹងលេងឲ្យក្លឹបណានៅជើងទី២ ខាងមុខ?

អត្ថបទ៖ បុត្រា

មតិយោបល់