កីឡដ្ឋានកោះធំ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាថ្មី ក្រោយចំណាយថវិកាសាងសង់ជិតកន្លះលានដុល្លារ

នូ មករា June 25, 2018


ភ្នំពេញ៖ កីឡដ្ឋានស្រុកកោះធំ ត្រូវបានបើកដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ បន្ទាប់ពីចំណាយថវិកាអស់ប្រមាណ ៤២ម៉ឺនដុល្លារ ដើម្បីជួសជុល និងសាងសង់ជាលក្ខណៈស្ដង់ដារអន្ដរជាតិ ក្រោមការចង្អុលបង្ហាញរបស់លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ហើយលោកក៏បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កីឡដ្ឋានដ៏ស្រស់ស្អាតនេះ និងមានការចូលរួមពីមន្ដ្រីរាជការ លោកគ្រូ-អ្នកគ្រូ សិស្សនុសិស្ស និងប្រជាពលរដ្ឋប្រមាណជិត ២ម៉ឺននាក់ផងដែរ កាលពីចុងសប្ដាហ៍កន្លងទៅ ។

គួរបញ្ជាក់ថា កីឡដ្ឋានស្រុកកោះធំនេះ គឺមានទំហំ ១៩៧ម៉ែត្រ X ១៤១ម៉ែត្រ ប៉ុន្ដែដំបូងឡើយ ដោយសារស្ថានភាពមិនស្របតាមលក្ខណៈបច្ចេកទេស កីឡដ្ឋាននេះ មិនអាចបម្រើការប្រកួត ឬហ្វឹកហាត់បានទេ ពិសេសក្នុងរដូវភ្លៀងធ្លាក់ ។ ដូច្នេះទើបលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្ដួចផ្ដើមគំនិតរៀបចំហេដ្ឋារចនាសម្ព័ន្ធសាងសង់កីឡដ្ឋាននេះឡើងវិញ តាមរយៈការគៀងគរថវិកាពីសប្បុរសជន ពិសេសក្រុមការងារគណៈពង្រឹងស្រុកកោះធំ នៃគណៈបក្សប្រជាជនកម្ពុជា ដើម្បីសាងសង់ឲ្យបានស្អាត និងផ្ដល់ភាពងាយស្រួលសម្រាប់យុវជនចូលរួមលេងកីឡា និងប្រកួតនៅទីនោះ ។

ក្រោយឆ្លងកាត់សាងសង់ឡើងវិញ កីឡដ្ឋាននេះ ត្រូវបានចំណាយថវិកាអស់ប្រមាណ ៤២ម៉ឺនដុល្លារ ដែលក្នុងនោះមានទីលានបាល់ទាត់ទំហំ ១០៥ម៉ែត្រ X ៦៨ម៉ែត្រ ស្រប់តាមស្ដង់ដារអន្ដរជាតិ ជាមួយនឹងការប្រព័ន្ធលូរំដោះទឹក ដើម្បីងាយស្រួលក្នុងការលេងនារដូវធ្លាក់ភ្លៀងទៀតផង ។ អ្វីដែលពិសេស នាពេលឆាប់ៗខាងមុខ ក្នុងនាមប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកស្ម័គ្រចិត្តផងដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏មានគម្រោងសាងសង់អាងហែលទឹកស្ដង់ដារមួយទៀត នៅក្នុងបរិវេណកីឡដ្ឋានស្រុកកោះធំនេះផងដែរ ។

ដើម្បីអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កីឡដ្ឋានស្ដង់ដារធំនេះ ក្រុមការងារគណៈពង្រឹកស្រុកកោះធំ បានរៀបចំការប្រកួតកីឡាបាល់ទាល់មហាជនដណ្ដើមពានរង្វាន់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសនោះផងដែរ ដោយពាននេះគ្រោងនឹងបញ្ចប់នាដើមខែក្រោយ ។ បន្ថែមលើនេះ លោកទេសរដ្ឋមន្ដ្រី បានផ្តាំផ្ញើ ក៏ដូចជាសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្សទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន និងត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ហើយងាយមកលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ៕

អត្ថបទ៖ បុត្រា

មតិយោបល់