លីគកម្ពុជា៖ បឹងកេត ឈ្នះណាហ្គា យប់មិញ ខណៈអ្នកគាំទ្ររិះគន់អាជ្ញាកណ្ដាលផ្អើលហ្វេសប៊ុក

នូ មករា June 25, 2018


ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការប្រកួតដោយក្រុមបឹងកេត យកឈ្នះក្រុមណាហ្គាវើល ៣-២ ក្នុងជំនួបបញ្ចប់ជើងទី១ នៃលីគកំពូលកម្ពុជាកាលពីយប់មិញ មានអ្នកគាំទ្រជាច្រើនបាននាំគ្នារិះគន់ ចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលលើទីលាន គឺលោក លឹម ប៊ុនធឿន ដោយផ្ដោតលើគ្រាប់បាល់ចុងក្រោយរបស់ក្រុមបឹងកេត ដែលកើតចេញពីការគ្រាប់ពិន័យ ១១ម៉ែត្រ ក្រោយអាជ្ញាកណ្ដាលពិន័យលើខ្សែការពាររបស់ក្រុមណាហ្គាវើល ។

សូមរំឮកថា ការប្រកួតនេះគិតត្រឹមនាទីទី៨៧ ក្រុមទាំងពីរ បានទាត់បំប៉ោងសំណាញ់ទីគ្នា ២គ្រាប់ម្នាក់ ប៉ុន្ដែស្របពេលស្ថានភាពប្រកួតកំពុងតានតឹងនាចុងម៉ោង ក៏កើតមានការពិន័យបាល់ ១១ម៉ែត្រលើក្រុមណាហ្គាវើល ក្រោយអាជ្ញាកណ្ដាលមើលឃើញកំហុសរបស់ខ្សែការពារណាហ្គាវើល Anderson Zogbe បំពានលើខ្សែប្រយុទ្ធរបស់បឹងកេត ដែលនាំឲ្យកីឡាករ Maycon មានឱកាសស៊ុតគ្រាប់បាល់ជ័យជម្នះជួយឲ្យក្រុមបឹងកេតឡើងឈរកំពូលតារាងតែម្ដង ។

ប៉ុន្ដែការពិន័យខាងលើនេះ បានធ្វើឲ្យអ្នកគាំទ្រទូទៅ សម្ដែងការមិនពេញចិត្ត និងបានចាត់ទុកជារឿងអយុត្តិធម៌ រហូតមានការប្រតិកម្ម និងរិះគន់ជាខ្លាំង នៅលើបណ្ដេញទំនាក់ទំនងសង្គមហ្វេសប៊ុកទៅលើលោក លឹម ប៊ុនធឿន ហើយមានអ្នកខ្លះបានប្រើពាក្យមិនសមរម្យទៀតផង ។ តែទោះបីមានការប្រតិកម្មខ្លាំងយ៉ាងណា មកទល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ពីក្រុមគណៈកម្មការអាជ្ញាកណ្ដាល ឬសហព័ន្ធកីឡាបាល់ទាត់កម្ពុជានោះទេ ត្បិតការសម្រេចចិត្តលើទីលាន គឺជាសិទ្ធិរបស់អាជ្ញាកណ្ដាល ។

គួរបញ្ជាក់ថា តាមរយៈលទ្ធផលខាងលើ បានជួយក្រុមបឹងកេត ទម្លាក់ក្រុមណាហ្គាវើល ហើយឡើងឈរកំពូលតារាងជាថ្មី ដោយមាន ២៧ពិន្ទុក្រោយបញ្ចប់ការប្រកួតជើងទី១១ ចំនួន ១១ប្រកួតឈ្នះ៨ និងស្មើ២ មិនទាន់ស្គាល់ចាញ់ ។ ចំណែកក្រុមណាហ្គាវើល បានធ្លាក់មកឈរលេខរៀងទី២ បណ្ដោះអាសន្ន និងមាន ២៥ពិន្ទុ ជាមួយលទ្ធផល ១១ប្រកួតដូចគ្នាឈ្នះ៨ ស្មើ១ និងចាញ់ ២ប្រកួត ៕

អត្ថបទ៖ បុត្រា

មតិយោបល់