ក្ដៅៗ! បឹងកេត ចែកផ្លូវជាមួយអ្នកចាំទីឆ្នើម ស៊ូ យ៉ាទី

នូ មករា June 25, 2018


ភ្នំពេញ៖ ស្របពេលអ្នកចាំទីរហ័សនាមដៃស្អិត ស៊ូ យ៉ាទី ខកខានបង្ហាញវត្តមានជាមួយក្រុមបឹងកេតនាប៉ុន្មានប្រកួតចុងក្រោយ ស្រាប់តែនៅថ្ងៃនេះ ក្លឹបកំពុងឈរកំពូលតារាងនៃលីគកំពូលកម្ពុជា ជើងទី១ នេះ បានប្រកាសព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ជុំវិញការចាកចេញរបស់អ្នកចាំទីដ៏សំខាន់នៃក្រុមជម្រើសជាតិកម្ពុជា ប៉ុន្ដែមិនបានបញ្ជាក់ពីមូលហេតុនោះទេ ។ យោងតាមព័ត៌មានលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមជើងឯក ៣សម័យកាលនេះ បានសរសេរថា៖ «គ្រប់ៗគ្នានៅបឹងកេតសូមជូនពរ យ៉ាទី ឲ្យទទួលបានជោគជ័យក្នុងអាជីពនាពេលខាងមុខ។ យើងទាំងអស់គ្នាអរគុណដល់ យ៉ាទី សម្រាប់ការរួមចំណែក និងការខិតខំប្រឹងប្រែងកន្លងមកជាមួយពួកយើង» ។ ត្បិតក្នុងអត្ថន័យ មិនបានបញ្ជាក់ច្បាស់ថា ក្លឹប និង យ៉ាទី បានចែកផ្លូវគ្នាក្ដី ប៉ុន្ដែក្នុងសារឆ្លើយឆ្លងជាមួយអ្នកគាំទ្រ ក្លឹបបានប្រាប់ថា យ៉ាទី ពិតជាបានចាកចេញមែន ។

សូមរំឭកថា អ្នកចាំទី ស៊ូ យ៉ាទី បានចូលរួមជាមួយក្រុមបឹងកេត កាលពីឆ្នាំ២០១៥ នឹងបានជួយក្រុមមានមូលដ្ឋានមកពីខេត្តកំពង់ចាមនេះ លើកពានលីគកំពូលកម្ពុជា ២រដូវកាលជាប់គ្នា កាលពីឆ្នាំ២០១៦-២០១៧ ។ ប៉ុន្ដែស្របពេលបឹងកេត កំពុងឈរកំពូលតារាងពិន្ទុ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ហើយក្លឹបប្រកាសចែកផ្លូវគ្នាបែបនេះ ពិតជារឿងគួរឲ្យភ្ញាក់ផ្អើល ហើយអ្នកគាំទ្រជាច្រើន ក៏មានការងឿឆ្ងល់ផងដែរ ។ ដូច្នេះចាំមើលតើក្លឹបថ្មី ដែល យ៉ាទី ត្រូវបន្ដអាជីពរបស់ខ្លួន គឺជាក្លឹបណា? ៕

អត្ថបទ៖ បុត្រា

មតិយោបល់