មូលហេតុ ៣ យ៉ាង ដែលទាក់ចិត្ត ចាន់ វឌ្ឍនាកា មកជួយដល់បឹងកេតវិញ

នូ មករា June 23, 2018


ភ្នំពេញ៖ ក្រោយសម្រេចចិត្តត្រឡប់មកជួយក្រុមចាស់ បឹងកេតអែហ្វស៊ី កីឡាករឆ្នើម ចាន់ វឌ្ឍនាកា បានបញ្ជាក់ពីមូលហេតុ ៣យ៉ាង ដែលំរុញឲ្យគេ ត្រឡប់មកប្រឡូកអាជីពជាមួយលីគកំពូលកម្ពុជាជាថ្មី ក្រោយទទួលលទ្ធផលមិនបានល្អ សម្រាប់អាជីពក្រៅស្រុក ដែលធ្លាប់លេងឲ្យក្លឹប Fujieda MYFC នៃលីគទី៣ របស់ជប៉ុន និងក្លឹបលីគកំពូលម៉ាឡេស៊ី Pahang FA ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់ក្លឹបបឹងកេត នារសៀលថ្ងៃសៅរ៍នេះ ចាន់ វឌ្ឍនាកា បាននិយាយថា៖ «មូលហេតុនេះ ខ្ញុំត្រឡប់មកជួយក្រុមបឹងកេត ព្រោះទី១ ខ្ញុំមើលឃើញសក្ដានុពលរបស់លីគកំពូលកម្ពុជាបច្ចុប្បន្ន មានក្រុមដែលអាចប្រកួតប្រជែងគ្នាច្រើន ។ ទី២ ខ្ញុំឃើញចក្ខុវិស័យ និងមានឆន្ទៈខ្ពស់របស់ថ្នាក់ដឹកនាំក្នុងការដឹកនាំក្លឹប និងទី៣ គឺក្រុមទាំងមូល មានឆន្ទៈចង់ឈ្នះលីគកំពូលកម្ពុជា ដែលធ្វើឲ្យខ្ញុំមានឆន្ទៈចង់មានលេងនៅកម្ពុជាវិញ» ។ 
យ៉ាងណាមិញការត្រឡប់មកជួយបឹងកេតនេះ ក្លឹបមិនបានបញ្ជាក់ពីអត្ថប្រយោជន៍ ដែលត្រូវផ្ដល់ជូនដល់ខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះឡើយ គ្រាដែលកាលពីលេងក្លឹប Pahang FA នាដើមរដូវកាលឆ្នាំ២០១៨ នេះ ចាន់ វឌ្ឍនាកា បានទទួលប្រាក់ខែពីក្លឹបលីគកំពូលម៉ាឡេស៊ីដល់ទៅ ១៦,០០០ដុល្លារឯណោះ ។ចំពោះកុងត្រាវិញ ក៏មិនត្រូវបានប្រកាសជាក់លាក់នោះដែរ ពោលគឺលោក បែ មករា អ្នកចាត់ការទូទៅក្រុមបឹងកេត គ្រាន់តែបញ្ជាក់ថា វឌ្ឍនាកា អាចជួយក្លឹបនៅជើងទី២ ខណៈរដូវកាលក្រោយក្លឹបតាមការសម្រេចចិត្តរបស់គេ ។
សូមបញ្ជាក់ថា ចាន់ វឌ្ឍនាកា ដើមឡើយក្រោយចាកចេញពីស្រុកកំណើត គេបានលេងឲ្យក្រុមព្រះខ័នរាជស្វាយរៀង តែនៅឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៧ កូនប្រុសអតីតអភិបាលខេត្តកំពតរូបនេះ បានផ្លាស់មកលេងឲ្យក្លឹបបឹងកេត មុនផ្លាស់ទៅលេងឲ្យក្លឹបជប៉ុន Fujieda MYFC ក្នុងរដូវកាលឆ្នាំ២០១៧-២០១៨ តែត្រូវបានក្លឹបបញ្ឈរជើងស្ទើរពេញមួយរដូវកាល ។ បន្ទាប់មកទើបគេផ្លាស់មកលេងឲ្យក្លឹប Pahang ក្នុងឆ្នាំ២០១៨ ជាមួយកុងត្រា ១រដូវកាល តែត្រូវបានក្លឹបបញ្ចប់កិច្ចសន្យាមុនកំណត់កាលពីពេលថ្មីៗ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់