ក្តៅៗ ចាន់ វឌ្ឍនាកា ពិតជាបន្តចូលរួមជាមួយបឹងកេតពិតមែន!

នូ មករា June 23, 2018


ភ្នំពេញ៖ នៅទីបំផុតកីឡាករ ចាន់ វឌ្ឍនាកា ពិតជាបានសម្រេចចិត្តវិលរួមរស់ជាមួយក្លឹបបឹងកេតវិញ បន្ទាប់ពីបានឆ្លងកាត់ការចចារគ្នាជាមួយថ្នាក់ដឹកនាំក្លឹបជើងឯកឆ្នាំចាស់នេះរួចមក ។ នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ ​CV11 បានបញ្ជាក់ថា រូបគេនឹងលេងជាមួយបឹងកេត បន្ទាប់ពីបានចូលរួមជាមួយក្លឹបនេះអស់រយៈកាល ៣រដូវកាលមកហើយនោះ ជាពិសេសរូបគេមានជំនឿចិត្តខ្ពស់លើការដឹកនាំរបស់ម្ចាសក្លឹបថ្មី ក៏ដូចជាបឹងកេតគឺជាក្រុមខ្លាំងមួយដែលមានការប្រកួតប្រជែងខ្ពស់នៅក្នុងលីគកំពូលកម្ពុជា ។

ជាមួយគ្នានេះ លោកស្រីប្រធានក្លឹបក៏បានបញ្ជាក់ដែរថា វត្តមានរបស់ វឌ្ឍនាកា គឺសញ្ញាវិជ្ជមានមួយសម្រាប់ក្លឹបស្របពេលដែលបេះដូងរបស់កីឡាកររូបនេះនៅជាមួយបឹងកេតជានិច្ច ។ លោក បែ មករា អ្នកចាត់ការទូទៅក្លឹប បានបន្ថែមថា សម្រាប់ជើងទី២ នៃលីគកំពូលកម្ពុជានេះ CV 11 នឹងបន្តជួយក្លឹបបឹងកេត ប៉ុន្តែក្លឹបក៏នឹងផ្តល់ឱកាសឱ្យរូបគេចូលរួមជាមួយនឹងបណ្តាក្លឹបបរទេសផងដែរនោះនាពេលខាងមុខ ។

គួរបញ្ជាក់ដែរថា ការចូលរួមជាផ្លូវការនេះ បានបញ្ចប់ពាក្យចចាមអារ៉ាមកន្លងមក ថារូបគេនឹងទៅលេងនៅក្រៅស្រុក ខណៈដែលកីឡាករដែលដើមកំណើតមកពីខេត្តកំពតរូបនេះធ្លាប់បានបញ្ជាក់ថា ខ្លួនកំពុងចរចាជាមួយក្លឹបបរទេស ហើយខិតជិតដល់ដំណាក់កាលព្រមព្រៀងហើយ ប៉ុន្ដែមិនទាន់បង្ហើបពីឈ្មោះក្លឹប ឬប្រទេស ដែលខ្លួនត្រូវបន្ដអាជីពក្រៅស្រុកនោះទេ ហើយរូបគេក៏បានសង្កត់ធ្ងន់ថា សម្រាប់ជើងទី២ ក្នុងឆ្នាំ២០១៨ ខ្លួននឹងបន្ដលេងក្រៅស្រុក មិនទាន់វិលត្រឡប់មកចូលរួមជាមួយក្លឹបនៃលីគកំពូលកម្ពុជានោះឡើយ ៕

អត្ថបទ៖

មតិយោបល់