នុប តុលា អាចជួយស្វាយរៀងបានវិញសប្ដាហ៍នេះ ក្រោយរួចពិន័យរបស់FFC!

នូ មករា June 22, 2018


ភ្នំពេញ៖ ខ្សែប្រយុទ្ធរបស់ក្រុមព្រះខ័នរាជស្វាយរៀង គឺកីឡាករ នុប តុលា អាចជួយមិត្តរួមក្រុមក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាបានវិញហើយ បន្ទាប់ពីរួចផុតពិន័យព្យួរ ២ប្រកួតរបស់គណៈកម្មការវិន័យនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ។ ការវិលចូលសមរភូមិប្រយុទ្ធលើវាលស្មៅរបស់អតីតខ្សែការពាររូបនេះ គឺស្របពេលក្រុមខ្លួន ត្រូវបើកទ្វារផ្ទះទទួលក្រុមបាតតារាងវេស្ទើន នៅក្នុងជំនួបបញ្ចប់ជើងទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ។
សូមរំឭកថា នុប តុលា ត្រូវបានពិន័យក្រោមបទចោទប្រកាន់វាយគូប្រកួត ដែលល្មើសមាត្រា ៤៨ នៃក្រមវិន័យរបស់សហព័ន្ធអំឡុងពេលប្រកួតជាមួយក្រុមភ្ញៀវក្រសួងការពារជាតិ កាលពីថ្ងៃទី០៣ ខែមិថុនា ។ ការប្រព្រឹត្តកំហុសនេះ ត្រូវបានសហព័ន្ធសម្រេចដាក់ទណ្ឌកម្មព្យួរ ២ប្រកួត អមដោយទឹកប្រាក់ ៥០ម៉ឺនរៀល ។ ប៉ុន្ដែយ៉ាងណាមិត្តរួមក្រុមដល់ ៦នាក់ទៀត នៅមិនទាន់រួចពិន័យនោះទេ ខណៈមាន ៥នាក់ត្រូវបានព្យួរការប្រកួតដល់ទៅ ៣ខែ ។ លើកលែងតែកីឡាករ សឿយ វិសាល ប៉ុណ្ណោះ ដែលទទួលការពិន័យ ៤ប្រកួត បន្ទាប់ពី នុប តុលា ។
អ្វីដែលគួរឲ្យកត់សម្គាល់ ក្រោយកីឡាករសំខាន់ៗត្រូវបានដាក់ពិន័យ ក្រុមព្រះខ័នរាជស្វាយរៀង បានបរាជ័យជាបន្ដបន្ទាប់ ពោលគឺក្រោយចាញ់ក្នុងជំនួបជាមួយក្រសួងការពារជាតិ ២-១ ដែលជាការប្រកួតបង្កឲ្យមានការផ្ទុះហិង្សានាចុងម៉ោង ក្រុមលោក Conor Nester បានចាញ់ក្រុមវិសាខា ៣-២ និងចាញ់ក្រុមអាស៊ីអឺរ៉ុប ២-១ ដែលធ្វើឲ្យលទ្ធផលបណ្ដោះអាសន្នព្រះខ័នរាជស្វាយរៀងឈរលេខរៀងទី៩ និងមាន ១១ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់ ១០ប្រកួតឈ្នះ៣ ស្មើ២ និងចាញ់ ៥ប្រកួត ។ ចំណែកបណ្ដឹងឧទ្ធរណ៍ ដែលក្លឹបបានប្ដឹងទៅកាន់សហព័ន្ធ ដើម្បីសុំការបន្ធូបន្ថយទោសលើកូនក្រុម មិនទាន់ត្រូវបានទម្លាយឲ្យដឹងនោះទេ ៕
អត្ថបទ៖ បុត្រា

មតិយោបល់