កាន់តែកក្រើក! បឹងកេត ប៉ះ ណាហ្គាវើលចុងសប្ដាហ៍នេះទស្សនាដោយសេរី!

នូ មករា June 22, 2018


 ភ្នំពេញ៖ ក្រុមការពារតំណែងជើងឯកបឹងកេត បានប្រកាសឲ្យដឹងថា ការបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមណាហ្គាវើល នៅក្នុងជំនួបសប្ដាហ៍ទី១១ នៃលីគកំពូលកម្ពុជា នាល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ គឺបើកទ្វារស្វាគមន៍អ្នកគាំទ្រចូលរួមទស្សនាដោយសេរី មិនមានការលក់សំបុត្រឡើយ ។ ជុំវិញការប្រកាស Free សំបុត្រចូលទស្សនានេះ ធ្វើឡើងដើម្បីញ៉ាំងឲ្យការប្រកួតកាន់តែកក្រើក និងអស្ចារ្យ ។
ក្លឹបជើងឯកឆ្នាំចាស់នេះបានជូនដំណឹងថា៖ «ក្លឹបនឹងពុំមានធ្វើការលក់សំបុត្រចូលទស្សនានោះទេ គឺបើកឲ្យចូលទស្សនាដោយសេរីតែម្ដង សម្រាប់ការប្រកួតគូទី២ រវាងបឹងកេត ទល់នឹងណាហ្គាវើល ដែលប្រកួតនាវេលាម៉ោង ៦:៣០ នាទីល្ងាច(ថ្ងៃទី២៤-មិថុនា)» ។
 
គួរបញ្ជាក់ថា នេះគឺជាការប្រកួតដ៏សំខាន់ ដែលក្រុមទាំងពីរ ត្រូវជួបគ្នា និងត្រូវការ ៣ពិន្ទុរៀងៗខ្លួន ដើម្បីដណ្ដើមកៅអីកំពូលតារាង ។ បច្ចុប្បន្នណាហ្គាវើលកំពុងឈរកំពូលតារាងបណ្ដោះអាសន្ន តែនាំមុខបឹងកេត ១ពិន្ទុប៉ុណ្ណោះ ពោលគឺមាន ២៥ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ១០ប្រកួតឈ្នះ៨ ស្មើ១ និងចាញ់១ គ្រាដែល ១០ប្រកួតរបស់បឹងកេតឈ្នះ៧ និងស្មើ៣ តែមិនទាន់ស្គាល់ចាញ់នោះទេ ៕
អត្ថបទ៖ បុត្រា

មតិយោបល់