សមាគមបាល់ទាត់ថៃ ចាប់ដៃជាមួយ UEFA និង AFC ដើម្បីជំរុញការអភិវឌ្ឍវិស័យបាល់ទាត់របស់ខ្លួន

នូ មករា June 21, 2018


ថៃ៖ យោងតាមការប្រកាសរបស់សមាគមបាល់ទាត់នៃប្រទេសថៃបានឱ្យដឹងថា កាលពីម្សិលមិញនេះថ្នាក់ដឹកនាំនៃស្ថាប័ន UEFA របស់ទ្វីបអឺរ៉ុប រួមជាមួយស្ថាប័ន AFC របស់ទ្វីបអាសុី បានធ្វើដំណើរមកកាន់ប្រទេសថៃដើម្បីចូលរួមកិច្ចប្រជុំពិភាក្សាមួយក្នុងគោលដៅពង្រឹងចំណងមិត្តភាពជាមួយគ្នាជាពិសេសការបញ្ជាក់ពីបេសកកម្មជំរុញការអភិវឌ្ឍវិស័យបាល់ទាត់របស់ប្រទេសថៃនាពេលអនាគតតែម្តង ។

ក្នុងកិច្ចប្រជុំនោះដែរ លោកស្រី Eva Guerrero ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិរបស់ UEFA បានលើកឡើងនូវគ្រោងការណ៍ UEFA Assist General Secretary Mentoring Programme – The Football Association of Thailand ដែលស្ថាប័ននេះនឹងបញ្ជូនអ្នកជំនាញការរបស់ខ្លួនមកកាន់ប្រទេសថៃដើម្បីចូលរួមផ្តល់ការប្រឹក្សានានាសម្រាប់រយៈពេលពេញ ១ឆ្នាំ ។ ជាមួយគ្នានេះ UEFA ក៏ដូចជា AFC នឹងកសាងមជ្ឈមណ្ឌលអភិវឌ្ឍន៍សមត្ថភាពកីឡាបាល់ទាត់មួយនៅសាកលវិទ្យាល័យ Bangkok Thonburi រួមជាមួយនឹងផែនការរៀបចំការប្រកួតថ្នាលយុវជនប្រចាំឆ្នាំថែមទៀតផង ។

សូមបញ្ជាក់ថា តាមការគ្រោងទុក គម្រោងនានានឹងធ្វើឡើងជាមួយនឹងគោលដៅបឋមរយៈពេល​២ឆ្នាំ ខណៈដែលសាមគមបាល់ទាត់ថៃកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាលើការពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីរបស់ខ្លួនដើម្បីប្រកួតប្រជែងទាំងក្នុងតំបន់អាស៊ាន ព្រមទាំងកម្រិតទ្វីបអាសុីផងដែរនោះ ៕

អត្ថបទ៖ មករា

មតិយោបល់