លីគកំពូលកម្ពុជា៖ គូឯកសប្ដាហ៍នេះ បឹងកេត ប៉ះណាហ្គាវើល ដណ្ដើមកៅអីកំពូលតារាង!

នូ មករា June 21, 2018


ភ្នំពេញ៖ ខ្លាំង ប៉ះខ្លាំង ដឹងតែកក្រើកហើយចុងសប្ដាហ៍នេះ! ក្រុមការពារតំណែងជើងឯកបឹងកេត ត្រូវជួបក្រុមកំពុងឈរកំពូលតារាងបណ្ដោះអាសន្ន ណាហ្គាវើល ដើម្បីប្រជែងកៅអីកំពូលតារាងពិន្ទុ ក្នុងជំនួបបញ្ចប់ជើងទី១ សប្ដាហ៍ទី១១ នៃលីគកំពូលកម្ពុជាចុងសប្ដាហ៍នេះ។ ចាំមើលតើក្រុមលោក ហៅ សុជាតិ ឬក្រុមលោក មាស ចាន់ណា នឹងទទួលបាន ៣ពិន្ទុពីការប្រកួតដ៏សំខាន់នេះ?

សម្រាប់ជំនួបនេះត្រូវបានចាត់ទុកជាគូឯកប្រចាំសប្ដាហ៍នេះ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី២៤ ខែមិថុនា ប៉ុន្ដែជាបណ្ដោះអាសន្នក្រុមម្ចាស់ផ្ទះបឹងកេត មិនបានប្រកាសបញ្ជាក់ពីការលក់សំបុត្រ ឬចូលរួមទស្សនាដោយសេរីនោះទេ ។ តែការប្រកួត គឺជាជំនួបដ៏សំខាន់សម្រាប់ក្រុមទាំងពីរ ដែលទាមទារឈ្នះរៀងៗខ្លួន ដើម្បីដណ្ដើមកៅអីកំពូលតារាងពិន្ទុប្រចាំជើងទី១ ។

ប៉ុន្ដែក្រឡេកមើលលទ្ធផលជួបគ្នា ២ជើងកាលពីរដូវកាលមុន ជើងទី១ បឹងកេត បានទទួលជ័យជម្នះក្រៅដី ២-១ និងស្មើគ្នា ១-១ នៅជើងទី២ ។ តែបើនិយាយពីលទ្ធផលប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ គឺខុសគ្នាស្រឡះ ក្នុងនោះបឹងកេត ស្មើវិសាខា ១-១ គ្រាដែលណាហ្គាវើល បានលត់ក្រុមវេស្ទើនភ្នំពេញ ១០-១ ឯណោះ ។ យ៉ាងណាមិញ នេះគ្រាន់តែជាអតីតកាលសម្រាប់ក្រុមទាំងពីរ ខណៈរដូវកាលថ្មីនេះ ទាំងបឹងកេត និងណាហ្គាវើល សុទ្ធតែបានបង្ហាញខ្លាំងរៀងៗខ្លួនក្នុងប្រអប់កំពូលតារាង ។

គួរបញ្ជាក់ថា ចំពោះលទ្ធផលបណ្ដោះអាសន្ន ក្រោយឆ្លងកាត់ការប្រកួត ១០សប្ដាហ៍ដូចគ្នា ក្រុមណាហ្គាវើល កំពុងឈរកំពូលតារាងមាន ២៥ពិន្ទុ ជាមួយលទ្ធផល ១០ប្រកួតឈ្នះ៨ ស្មើ១ និងចាញ់១ ហើយតាមពីក្រោយដោយក្រុមការពារតំណែងជើងឯកបឹងកេត ដែលមាន ២៤ពិន្ទុជាមួយលទ្ធផល ១០ប្រកួតឈ្នះ៧ និងស្មើ ៣ មិនទាន់ស្គាល់ចាញ់នៅឡើយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់