គ្រូ EDC ចាត់ទុកលទ្ធផលស្មើក្រោន គឺជាសញ្ញាណដ៏ល្អ ដើម្បីត្រៀមពាន Hun Sen Cup-ថ្នាក់ជាតិ

នូ មករា June 21, 2018


ភ្នំពេញ៖ ក្រោយទប់ទល់ស្មើក្រុមភ្នំពេញក្រោន ០-០ ក្នុងជំនួបលីគកំពូលកម្ពុជា សប្ដាហ៍ទី១០ គ្រូបង្វឹកក្រុមអគ្គិសនីកម្ពុជា(EDC) លោក ប្រាក់ វុទ្ធី បានវាយតម្លៃខ្ពស់ ចំពោះកូនក្រុមរបស់ខ្លួន ហើយក៏បានចាត់ទុកលទ្ធផលស្មើគ្នានេះ គឺជាសញ្ញាណវិជ្ជមានមួយ សម្រាប់ក្រុមអគ្គិសនីកម្ពុជា ក្នុងដំណើរត្រៀមចូលរួមប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup)-ថ្នាក់ជាតិ ឆ្នាំ២០១៨ នាពេលខាងមុខផងដែរ ។

លោក ប្រាក់ វុទ្ធី បានលើកឡើងថា ក្រុមភ្នំពេញក្រោន គឺសម្បូរដោយយុវជន និងពឹងផ្អែកលើកីឡាករក្នុងស្រុកច្រើន ។ ដូច្នេះការទប់ទល់បានស្មើជាមួយអតីតក្រុមជើងឯក ៦សម័យកាលនេះ គឺជារឿងដ៏ល្អមួយ ដែលក្រុមអគ្គិសនីកម្ពុជា សប្បាយចិត្ត និងទទួលយក ពិសេសគឺការទទួលបាននូវបទពិសោធន៍ជាច្រើន ដើម្បីត្រៀមពាន Hun Sen Cup-ថ្នាក់ជាតិ ឆ្នាំ២០១៨ ដែលនឹងចាប់ផ្ដើមការប្រកួត នាពាក់កណ្ដាលខែកក្កដាខាងមុខ ។

អតីតគ្រូបង្វឹកជួយបឹងកេតលើកពានកាលពីឆ្នាំ២០១២នេះ បាននិយាយថា៖ «ការប្រកួតជាមួយភ្នំពេញក្រោន ប្រៀបបានយើងយកម៉ែត្រទៅវាស់អុីចឹងដែរ មានន័យថា បើយើងលេងជាមួយភ្នំពេញក្រោនយ៉ាងម៉េច យើងនឹងដឹងថា យើងមានត្រៀមខ្លួនបែបណា ដើម្បីប្រកួតពានសម្ដេចហើយ» ។ ការលើកឡើងបែបនេះ ដោយសារលោកមើលឃើញកីឡាករយុវជនរបស់ភ្នំពេញក្រោនភាគច្រើន គឺមានសមត្ថភាព គ្រាដែលការប្រើប្រាស់កីឡាករបរទេសមានចំនួនតិចប៉ុណ្ណោះ ។

បងប្រុសបង្កើតរបស់លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជារូបនេះបានបញ្ជាក់ថា មកទល់ពេលនេះ អគ្គិសនីកម្ពុជា បានទុកលទ្ធផលប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាមួយឡែក ហើយផ្ដោតលើការត្រៀមពានរង្វាន់ Hun Sen Cup វិញ គ្រាដែលកាលពីឆ្នាំ២០១៧ ពួកគេដណ្ដើមបានចំណាត់ថ្នាក់លេខ៣ ក្នុងពានប្រើប្រាស់កីឡាករក្នុងស្រុកសុទ្ធនេះ ប៉ុន្តែចំពោះលទ្ធផលបណ្ដោះអាសន្នក្នុងលីគបច្ចុប្បន្ន ក្រុមអគ្គិសនីកម្ពុជា កំពុងឈរលេខរៀងទី១១ និងមាន ៥ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់ ១០ប្រកួតឈ្នះ១ ស្មើ២ និងចាញ់ ៧ប្រកួត ៕

អត្ថបទ៖ បុត្រា

មតិយោបល់