ត្រាយ វិចិត្រ៖ ស្វាយរៀងមានបញ្ហាច្រើន ក្រោយបាត់បង់កីឡាករសំខាន់ៗ

នូ មករា June 20, 2018


ភ្នំពេញ៖ សម្រាប់ ២ប្រកួតចុងក្រោយរបស់ក្រុមព្រះខ័នរាជស្វាយរៀង បន្ទាប់ពីត្រូវបានគណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដាក់ទណ្ឌកម្មព្យួរកីឡាករសំខាន់ៗចំនួន ៧នាក់ ក្រុមដឹកនាំដោយគ្រូបង្វឹកជនជាតិអៀរឡង់លោក Conor Nester បានបរាជ័យជាបន្ដបន្ទាប់ ហើយការបរាជ័យស្ទើរមិនគួរជឿនេះ ត្រូវបានសមាជិកវ័យក្មេងកីឡាករ ត្រាយ វិចិត្រ លើកឡើងថា ដោយសារការបាត់បង់រៀមច្បងសំខាន់ៗទាំងនោះ ។
 
ថ្លែងក្រោយប្រកួតចាញ់ក្រុមអាស៊ីអឺរ៉ុប ២-១ ក្នុងជំនួបសប្ដាហ៍ទី១០ នៃលីគកំពូលកម្ពុជា កាលពីចុងសប្ដាហ៍មុន ត្រាយ វិចិត្រ បានឲ្យដឹងថា ក្រុមខ្លួនមានបញ្ហាច្រើន ព្រោះតែការមិនយល់ចិត្តគ្នាជាមួយកីឡាករយុវជន ដែលត្រូវបានដាក់ឲ្យលេង ។ វិចិត្រ បាននិយាយថា៖ «ពួកយើងលេងអត់ទាន់ស៊ីជម្រៅគ្នា ព្រោះអីយើងបាត់បង់កីឡាករល្អៗច្រើន ដល់ពេលដាក់យុវជនលេងច្រើន យើងលេងអត់ត្រូវជើងគ្នាទេ» ។ អតីតសមាជិករបស់ក្រុមសាលាបាល់ទាត់ជាតិបាទីដដែលបន្ដថា ប្រសិនបើកីឡាករសំខាន់ៗ នៅតែបន្ដជាប់ពិន័យ ក្រុមខ្លួនអាចនឹងពិបាកក្នុងការប្រកួតនៅជើងទី២ ព្រោះជើងទី២ ការប្រកួតនឹងមានភាពតានតឹងកាន់តែខ្លាំង ដោយសារក្រុមនីមួយៗ សុទ្ធតែត្រូវការឈ្នះរៀងៗខ្លួន ។
 
ខ្សែបម្រើ-ប្រយុទ្ធវ័យក្មេងរូបនេះ បានបញ្ជាក់ថា៖ «យើងពិបាកបង ព្រោះអីយើងបាត់បង់កីឡាករ ដែលជារាមច្បងមានបទពិសោធន៍ច្រើន ហើយពួកគាត់លេងបានល្អជាងយុវជន» ។ សូមរំឭកថា កាលពីប្រកួតសប្ដាហ៍ទី៨ នៃលីគកំពូលកម្ពុជា ក្រុមព្រះខ័នរាជស្វាយរៀង បានបើកទ្វារផ្ទះទទួលក្រុមក្រសួងការពារជាតិ ហើយបានបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ ២-១ ។ ប៉ុន្ដែចុងម៉ោងមានការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំមួយ បន្ទាប់មកគណៈកម្មការពិន័យសហព័ន្ធ បានសម្រេចដាក់ពិន័យព្យួរកីឡាករម្ចាស់ផ្ទះដល់ ៧នាក់ ក្នុងនោះមាន ៥នាក់ត្រូវបានព្យួរការប្រកួតរហូតដល់ ៣ខែ ខណៈ ២នាក់ទៀត ត្រូវបានព្យរ ២ប្រកួត និង ៤ប្រកួត ។ ក្រោយការពិន័យនេះ ស្វាយរៀងបានបន្ដចាញ់ ២ប្រកួតផ្ទួនៗ គឺចាញ់វិសាខា ៣-២ និងចាញ់អាស៊ីអឺរ៉ុប ២-១ ៕
អត្ថបទ៖ បុត្រា

មតិយោបល់