លីគកំពូលកម្ពុជា៖ បឹងកេត ប៉ះ វិសាខា សប្តាហ៍នេះជាជំនួបធំ ខណៈគ្រូបង្វឹកទាំង ២សុទ្ធតែប្រយ័ត្នលើកីឡាករបរទេស!

នូ មករា June 15, 2018


ភ្នំពេញ៖ សម្រាប់ការប្រកួតលីគកំពូលកម្ពុជាសប្តាហ៍ទី១០ នេះមានជំនួបដ៏ធំរវាងក្រុមចំណូលថ្មីវិសាខា និងក្រុមកំពូលតារាងបឹងកេត នៅកីឡដ្ឋាន​វេស្ទើន ខណៈដែលក្រុមទាំងពីរសុទ្ធតែជាក្រុមដែលមានកីឡាករបរទេសពោរពេញដោយសមត្ថភាព និងជាគូប្រកួតដ៏ស្រួចស្រាវបំផុត ។ ថ្លែងប្រាប់បណ្តាញសារព័ត៌មាន CNCC លោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមវិសាខាបានលើកឡើងថា៖ “យើងទទួលស្គាល់ថា កីឡាករបរទេសរបស់គាត់៣នាក់ ដូច Maycon, Julius, Benga អីខ្លាំងណាស់ ទាំងបច្ចេកទេស និង ការបញ្ចប់ទី គឺពួកគាត់ល្អជាងកីឡាករកូរ៉េខាងជើងរបស់យើងទៅទៀត។ ទី២ គឺបទពិសោធលើឆាកអន្តរជាតិ អ៊ីចឹងធ្វើឲ្យពួកគាត់ជាក្រុមដ៏ខ្លាំងមួយនៅក្នុងស្រុក”។

ជាមួយគ្នានេះ គ្រូបង្គោលក្រុមបឹងកេត លោក ហៅ សុជាតិ បានបញ្ជាក់ដែរថា៖ “វិសាខា ចំណុចខ្លាំងរបស់ពួកគេគឺកីឡាករកូរ៉េខាងជើងទាំងអស់លេងបាល់ខ្លីបានល្អ ជាកីឡាករប្រកបដោយគ្រោះថ្នាក់រួមជាមួយកីឡាករវ័យក្មេង សាន គឹមហេង។ ខ្ញុំគិតថាការប្រកួតនេះពិតជាតានតឹ ព្រោះទី១យើងមិនដែលប៉ះវិសាខាទេមកទល់ពេលនេះ សូម្បីតែប្រកួតមិត្តភាពក៏មិនដែលប៉ះគ្នាដែរ។ មួយទៀត ពួកគេជាក្រុមចំណូលថ្មីមែន ប៉ុន្តែកីឡាកររបស់ពួកគេមួយចំនួនសុទ្ធតែជាកីឡាករមានបទពិសោធបូករួមទាំងកីឡាករកូរ៉េខាងជើងទៀត។ ដូច្នេះយើងត្រូវត្រៀមខ្លួនឱ្យបានល្អជាងសប្ដាហ៍មុន”។

សូមបញ្ជាក់ថា ឆ្លងកាត់ ៨ប្រកួតកន្លងមក ក្រុមខ្លាំងបឹងកេតកំពុងឈរនៅកំពូលតារាងជាមួយនឹង ២៣ពិន្ទុនៅក្នុងដៃ ស្របពេលដែលក្រុមវិសាខា​ស្ថិតនៅចំណាត់លេខ ៣ដោយមាន ១៩ពិន្ទុ ៕

អត្ថបទ៖ មករា

ប្រភព៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា –  CNCC

មតិយោបល់