ផ្លូវការ៖ ភ្នំពេញក្រោន បន្ថែមសមាជិកថ្មីជាខ្សែប្រយុទ្ធជនជាតិប្រេសុីល!

នូ មករា June 14, 2018


ភ្នំពេញ៖ យោងតាមការប្រកាសជាផ្លូវការរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានឱ្យដឹងថា ក្លឹបជើងឯក ៦សម័យកាលនេះបានសម្រេចចុះកិច្ចសន្យាជាមួយកីឡាករថ្មីមួយរូបដែលជាជនជាតិប្រេសុីល និងមានតួនាទីជាខ្សែប្រយុទ្ធ ខណៈដែលកីឡាករវ័យ ៣១ឆ្នាំរូបនេះមានបទពិសោធន៍ជោគជាំក្នុងតំបន់អាស៊ីជាពិសេសនៅក្នុងប្រទេសថៃតែម្តង ជាក់ស្តែងរូបគេធ្លាប់លេងជាមួយបណ្តាក្រុមនៅលីគកំពូលថៃដូចជា៖ ក្រុម Thai Port, Nakhon Ratchasima ជាដើម។ គួររំលឹកដែរថា កីឡាកររូបនេះក៏ធ្លាប់ធ្វើដំណើរមកកាន់ប្រទេសកម្ពុជាម្តងហើយកាលពីឆ្នាំ២០១៦ ដោយកាលណោះក្លឹបបឹងកេតបានទាក់ទងរូបគេមក ប៉ុន្តែមិនបានឈានដល់ការព្រមព្រៀងជាផ្លូវការណាមួយឡើយ ដោយសារតែធ្លាក់លើការធ្វើតេស្តសុខភាព ។

សូមបញ្ជាក់ថា នាឆ្នាំ២០១៧ កន្លងមក រូបគេបានលេងនៅក្លឹប Udon Thani របស់ថៃហើយបានជួយឲ្យក្រុមមួយនេះឡើងពីក្របខណ្ឌលីគទី៣ ថៃមកលេងនៅក្របខណ្ឌលីគទី២ ឬ Thai league 2 វិញ ថែមទាំងរកបាន ១៥គ្រាប់តែម្នាក់ឯងទៀតផង ។ ជាមួយគ្នានេះ Valci Júnior ក៏ជាកីឡាករដែលទាត់បញ្ចូលទីបានច្រើនក្នុងក្លឹប ពោលគឺក្នុងពេលលេងជាមួយក្រុម Bangkok FC (២០១៤) បន្ទាប់ពីរកបាន ១៦គ្រាប់ និង Ayuthaya FC (២០១៥) ដោយរកបាន ២៤គ្រាប់ ។  ជាងនេះទៅទៀត រូបគេក៏ធ្លាប់ប្រកបអាជីពនៅលីគទី៣ជប៉ុនជាមួយក្រុម Gainare Tottori នាឆ្នាំ២០១៦ ក៏ដូចជានៅក្នុងប្រទេសអូម៉ង់ ជាមួយក្លឹប Al Nahda Club កាលពីឆ្នាំ២០១២ ថែមទៀតផង ។

គួរបញ្ជាក់ដែរថា កីឡាករប្រសុីលរូបនេះ ទើបតែបានបញ្ចប់កិច្ចសន្យាពាក់កណ្តាលរដូវកាលជាមួយក្លឹប Samut Sakhon នាដើមឆ្នាំ២០១៨នេះ ដោយបានបង្ហាញខ្លួនចំនួន ១៥ប្រកួត និងទាត់បញ្ចូលទីបាន៨គ្រាប់ផងដែរ  ។ ការចូលរួមនេះគឺជាដំណើរថ្មីមួយរបស់ក្លឹបភ្នំពេញក្រោនសម្រាប់ជើងទី២ នៃលីគកំពូលកម្ពុជាបន្ទាប់ពីមិនសូវជាទទួលបានលទ្ធផលល្អប៉ុន្មានឡើយក្នុងជើងទី១ ពោលគឺកំពុងស្ថិតនៅលំដាប់លេខ ៥ ដោយមាន ១៤ពិន្ទុក្នុងដៃ ៕

អត្ថបទ៖ មករា

មតិយោបល់