NOCC នាំយកថវិកា ១៥០០០ ដុល្លារឧបត្ថម្ភជូនដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា

នូ មករា June 14, 2018


ភ្នំពេញ៖ ថវិកាចំនួន ១៥០០០ដុល្លារអាមេរិកដែលទទួលបានពីការប្រកួតពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនៅសៀមរាប និងពាក់កណ្តាលម៉ារ៉ាតុងនៅភ្នំពេញកាលពីឆ្នាំ២០៧ កន្លងទៅត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាហើយ ។ អគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖« ឯកឧត្តមប្រធាន ថោង ខុន បានប្រគល់ភារកិច្ចឲ្យខ្ញុំនាំយកអំណោយសប្បុរសធម៌នានាចំនួន ១៥០០០ ដុល្លារដែលបានពីការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ កាលពីឆ្នាំ២០១៧ ចំនួន ១០០០០ ដុល្លារ និងពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរ កាលពីឆ្នាំ ២០១៧ ចំនួន ៥០០០ ដុល្លារ មកប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា»។

លោកបានបន្តថា៖ «យើងទាំងអស់គ្នាមានកាតព្វកិច្ចរួមគ្នាជួយដល់សង្គម និងមន្ទីរពេទ្យគន្ធបុប្ផា ហើយយើងសង្ឃឹមថាមន្ទីរពេទ្យនេះនឹងមានដំណើរការល្អដោយសង្ឃឹមថាប្រជាពលរដ្ឋទាំងអស់មានឆន្ទៈទាំងអស់គ្នាក្នុងការជួយដល់មន្ទីរពេទ្យក៏ដូចជាជួយដល់សង្គមជាតិ និងកុមារនៅទូទាំងប្រទេសកម្ពុជាដែលត្រូវការសេវាកម្មសុខភាពដោយមិនគិតថ្លៃ»។ លោកបានបន្ថែមថា៖  «យើងទាំងអស់គ្នាមានក្តីសប្បាយរីករាយក្នុងការរួមចំណែកជួយទៅដល់សង្គមជាតិរបស់យើងក៏ដូចជាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាតាមអនុសាសន៍អំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដោយយើងទាំងអស់គ្នាមានកាតព្វកិច្ចក្នុងការជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ជាពិសេសកីឡា ដែលជាវិស័យពាក់ព័ន្ធទៅនឹងសុខភាព ហើយយើងបានរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាមន្ទីរពេទ្យកុមារ នៅអង្គរ ព្រមទាំងមន្ទីរពេទ្យ និងអង្គការសប្បុរសផ្សេងៗទៀត»។
 
លោកក៏បានបព្ជាក់ថា៖ «ដើម្បីបង្កើនថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ខ្ញុំសូមអំពាវនាវដល់សប្បុរសជន និងក្រុមហ៊ុនក្នុងវិស័យឯកជនទាំងអស់ សូមរួមជួយជាមួយព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុង ទាំងនៅសៀមរាប ភ្នំពេញ និងទីក្រុងព្រះសីហនុផ្សេងៗទៀត ដើម្បីរួមគ្នាកសាងនៅកម្លាំងមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ និងកុមារក្រីក្ររបស់យើងទាំងអស់គ្នា»៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់