អ្នកចាំទីឆ្នើមកម្ពុជា ៤រូប ទស្សន៍ទាយក្រុមលើកពាន World Cup ខណៈម្ចាស់ផ្ទះរុស្ស៊ី ប៉ះអារ៉ាប់ប៊ីសាអូឌីតបើកឆាកយប់នេះ

នូ មករា June 14, 2018


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ជើងឯកពិភពលោក FIFA World Cup 2018 វគ្គ ៣២ក្រុមចុងក្រោយ នៅប្រទេសរុស្ស៊ី នឹងបើកប្រកួតផ្លូវការ នារាត្រីថ្ងៃទី១៤ ខែមិថុនាហើយ ដោយជំនួបបើកឆាក គឺជាការជួបគ្នារវាងក្រុមម្ចាស់ផ្ទះរុស្ស៊ី និងក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត ។ ចាំមើលតើម្ចាស់ផ្ទះ ឬក្រុមភ្ញៀវ នឹងទទួលបាន ៣ពិន្ទុមុនគេក្នុងពូលA?
ប៉ុន្ដែមុនឈានដល់ការប្រកួតផ្លូវការ សុំក្រឡេកមកចាប់អារម្មណ៍ ចំពោះទស្សនៈរបស់អ្នកចាំទីឆ្នើមៗ នៃក្លឹបលីគកំពូលកម្ពុជា ៤រូប ដែលបានធ្វើការទស្សន៍ទាយក្រុមរំពឹងឈ្នះពាន World Cup ឆ្នាំនេះ រួមមានកីឡាករ Alexandre You របស់ភ្នំពេញក្រោន, កីឡាករ អ៊ុំ សេរីរ័ត្ន របស់ក្រសួងការពារជាតិ, កីឡាករ ស៊ូ យ៉ាទី របស់បឹងកេត និងកីឡាករ កែវ សុខសិលា របស់ក្រុមវិសាខា ។ ក្នុងចំណោមអ្នកចាំទីឆ្នើមខាងលើ មានកីឡាករ ៣រូប បានបង្ហាញភាពជឿជាក់លើក្រុមប្រេស៊ីលដូចគ្នា គឺ Alexandre You, អ៊ុំ សេរីរ័ត្ន និង កែវ សុខសិលា ដោយសារក្រុមនេះមានកីឡាករក្មេងៗ ហើយល្អៗច្រើន ពិសេសការប្រមូលផ្ដុំរយៈពេលវែងគ្រប់គ្រាន់ដែលធ្វើឲ្យពួកគេមានរំពឹងខ្ពស់ជាងគេក្នុងការលើកពាន ។
បន្ថែមលើនេះ អ្នកទាំងបី ក៏ស្រលាញ់ក្រុម ៤ផ្សេងគ្នា ដែលអាចជំនួសតំណែងរបស់ប្រេស៊ីលផងដែរ ក្នុងនោះ Alexandre You ស្រលាញ់ក្រូអាត ខណៈ សេរីរ័ត្ន ជ្រើសយកអេស្ប៉ាញ និង សិលា ចូលប៊ែលហ្ស៊ិក និងអង់គ្លេស ។ ដោយឡែកអ្នកចាំទីដៃទី១ របស់ក្រុមការពារតំណែងជើងឯកបឹងកេត និងក្រុមជម្រើសជាតិកម្ពុជា ស៊ូ យ៉ាទី មានទំនុកចិត្តខ្ពស់លើក្រុមជើងឯក ៤សម័យកាលអាល្លឺម៉ង់ដ៏ ព្រោះពួកគេ គឺជាក្រុមការពារតំណែងជើងឯក ហើយថែមទាំងជាក្រុម ដែលបង្ហាញស្មារតីប្រកួតជាក្រុមបានល្អនៅលើទីលានទៀតផង ។ ហេតុផលនេះហើយ ដែលធ្វើឲ្យ យ៉ាទី ដាក់ការរំពឹងខ្ពស់លើក្រុមដឹកនាំដោយបុរសវ័យ ៥៨ឆ្នាំលោក Joachim Low ដូច្នេះ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់