គ្រូវិសាខា៖ ២ប្រកួតបញ្ចប់ជុំទី១ នៃលីគកំពូលកម្ពុជាគ្មាន កែវ សុខផេង និងសុខ សុវណ្ណ ឡើយ!

នូ មករា June 13, 2018


ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មានថាកីឡាករ កែវ សុខផេង និងកីឡាករ សុខ សុវណ្ណ ត្រៀមបង្ហាញខ្លួនផ្លូវការជាមួយវិសាខា ក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជានាចុងសប្ដាហ៍នេះ គ្រូបង្វឹកក្រុមកំពុងឡើងជើង លោក ហុក សុជីវ័ន បានច្រានចោលព័ត៌មាននេះហើយបញ្ជាក់ថា នៅជុំទី២ ទើបពួកគេអាចលេងបាន ។
ការច្រានចោលព័ត៌មានខាងលើនេះដែរ គឺស្របពេលក្រុមវិសាខា ត្រូវប្រឈមមុខជាមួយក្រុមការពារតំណែងជើងឯកបឹងកេត ក្នុងជំនួបសប្ដាហ៍ទី១០ នៃលីគកំពូលកម្ពុជា នារសៀលថ្ងៃទី១៧ ខែមិថុនាចុងសប្ដាហ៍នេះ នៅកីឡដ្ឋានវេស្ទើន ។ លោកបញ្ជាក់យ៉ាងខ្លីថា៖ «សម្រាប់ ២នាក់គាត់ នៅជុំទី២ ទើបបានលេង គឺនៅថ្ងៃទី០១ ខែកក្កដា ពួកគាត់ចាប់ផ្ដើមលេងបានហើយ គឺចាប់ផ្ដើមប្រកួតជុំទី២» ។
ការអះអាងបែបនេះ សបញ្ជាក់ថា សម្រាប់ ២ប្រកួតចុងក្រោយ នៃជុំទី១ ក្នុងការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០១៨ អតីតខ្សែប្រយុទ្ធភ្នំពេញក្រោន និងអតីតខ្សែការពារបឹងកេតខាងលើ ពួកគេនៅតែបន្ដនៅក្រៅទីលានដដែល ទោះបីក្លឹបបានចុះកិច្ចសន្យានាំយកពួកគេទៅរួមជាមួយកាលពីពេលថ្មីៗក៏ដោយ ។ លុះត្រាចប់ការប្រកួតជុំទី១ និងចាប់ផ្ដើមការប្រកួតពានរង្វាន់ Hun Sen Cup-ថ្នាក់ជាតិ ទើបពួកគេអាចបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការរបស់វិសាខាបាន ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់