ចាន់ វឌ្ឍនាកា ទទួលស្គាល់ថា កំពុងចរចារជាមួយក្លឹបបរទេស ប៉ុន្តែមិនដូចពាក្យចចាមអារ៉ាមឡើយ!

នូ មករា June 12, 2018


ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ ខ្សែប្រយុទ្ធលេចធ្លោរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនដោយបានបកស្រាយខ្លីៗចំពោះព័ត៌មានក៏ដូចជាពាក្យចចាមអារ៉ាមនានាពាក់ព័ន្ធទៅនឹងអនាគតរបស់ខ្លួនក្នុងវិស័យបាល់ទាត់ ខណៈដែលមានការចុះផ្សាយជាហូហែរថារូបគេកំពុងចរចារជាមួយក្លឹបមួួយចំនួននៅតំបន់អាស៊ានដែលក្នុងនោះក៏បានក្លឹប Home United របស់សិង្ហបុរីដែរនោះ ។

យ៉ាងណាក៏ដោយ កីឡាករដែលទើបតែត្រលប់មកពីម៉ាឡេសុីរូបនេះ បានអះអាងថា រូបគេពិតជាកំពុងចរចារជាមួយក្លឹបបរទេសពិតមែន ប៉ុន្តែ មិនមែន ក្លឹប ដែល ព័ត៌មាន មួយចំនួន បានលើកឡើងនោះឡើយ ហើយរូបគេនឹងប្រកាសជាផ្លូវការក្នុងពេលដែលការព្រមព្រៀងបានសម្រេច ១០០% នោះ ។ នេះជាសារទាំងស្រុង៖ “សួស្ដី បងប្អូនទាំងអស់គ្នា ! សុខសប្បាយ ជាទេ? សង្ឃឹមថាសុខសប្បាយទាំងអស់គ្នា។ សម្រាប់ខ្ញុំវិញ ប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្ញុំសង្កេតឃើញមានពាក្យចចាមអារ៉ាមជាច្រើន ជុំវិញ អនាគត របស់ ខ្ញុំ។ ថ្ងៃនេះ ខ្ញុំ ចង់ បញ្ជាក់ ថាខ្ញុំកំពុង ស្ថិត នៅ រាជធានីភ្នំពេញ និង មិន មានការទៅហាត់ ឬទៅធ្វើតេស្តនៅ ក្លិប ណាទេ ហើយក៏មិនទាន់ អូខេ ជាមួយ ក្លិប ណានោះដែរ ។ សូម បងប្អូន កុំយល់ ច្រឡំ។ ខ្ញុំអាច បង្ហើប បានយ៉ាងខ្លីថា ខ្ញុំ កំពុង ចរចាជាមួយ ក្លិប បរទេស ពិតមែន ប៉ុន្តែ មិនមែន ក្លិប ដែល បងប្អូន និង ព័ត៌មាន មួយចំនួន លើកឡើងនោះឡើយ ។ ខ្ញុំនឹង ប្រកាស ជាផ្លូវការ លើ ទំព័រ ហ្វេសប៊ុក របស់ ខ្ញុំនេះ នៅពេលណា ការចរចា ឈាន ដល់ ការ ព្រមព្រៀង ១០០%។ សូមអរគុណ ចំពោះការ ស្រលាញ់ និងការយក ចិត្ត ទុកដាក់ របស់ បងប្អូន ទាំង អស់ គ្នា មកលើរូបខ្ញុំ។ សូម ប្រកបដោយ សំណាង ល្អ និង ជោគជ័យ ទាំងអស់គ្នា ៕”

សូមបញ្ជាក់ថា កាលពីម្សិលមិញនេះមានភាពភ្ញាក់ផ្អើលមួយបន្ទាប់ពីក្លឹបបាល់ទាត់ Home United FC របស់ប្រទេសសិង្ហបុរី បានប្រកាសលើបណ្តាញសង្គម Instagram របស់ខ្លួនដោយបានចោទសួរថា តើកីឡាករឆ្នើមរបស់ជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា និងកីឡាករ Saka Cernak ជនជាតិអូស្រ្តាលីដែលនឹងក្លាយជាសមាជិកថ្មីរបស់ Home United FC នោះ ជាហេតុធ្វើឱ្យមានមហាជនដាក់ការសង្ស័យថា ក្លឹបនៃលីគកំពូលសិង្ហបុរីនេះ កំពុងតែតាមប្រមាញ់កីឡាករកម្ពុជា ចាន់ វឌ្ឍនាកា ជាក់ជាមិនខាន ៕
អត្ថបទ៖ មករា និង បុត្រា

មតិយោបល់