គ្រូបង្វឹកកម្ពុជា ២រូបជឿជាក់លើក្រុម ២រៀងៗខ្លួនថាអាចលើកពាន World Cup 2018

នូ មករា June 12, 2018


ភ្នំពេញ៖ រំលងតែ ២ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 នឹងមកដល់ហើយ ។ ទន្ទឹមជាមួយគ្នា គ្រូបង្វឹកកម្ពុជា ២រូប គឺលោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមវិសាខា និងលោក សំ វ៉ាន់ដេត អតីតគ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានធ្វើការទស្សន៍ទាយ ក៏ដូចជាបង្ហាញនូវភាពជឿជាក់លើក្រុមជម្រើសជាតិ ២ក្រុមរៀងៗខ្លួន ដែលមានរំពឹងខ្ពស់ក្នុងការលើកពាន ៤ឆ្នាំម្ដងនេះ ។
 
សម្រាប់លោក ហុក សុជីវ័ន បានបង្ហាញសុទិដ្ឋិនិយមខ្ពស់លើក្រុមជម្រើសជាតិប្រេស៊ីល និងបារាំង ។ លោកបានថ្លែងថា៖ «ចំពោះបារាំង ទោះបីលីគគាត់មិនខ្លាំងដូចលីគក្នុងតំបន់អឺរ៉ុបមួយចំនួនទេ ប៉ុន្ដែកីឡាករគាត់មានគុណភាព ទៅលេងឲ្យក្លឹបធំៗច្រើន ហើយការលេងជាក្រុមឆ្នាំនេះ ប្លែកៗ គឺគាត់មានកីឡាករចាប់ពីក្មេងៗ រហូតដល់វ័យមួយមានសមត្ថភាពខ្លាំង ។ រីឯប្រេស៊ីលឆ្នាំនេះ យើងឃើញកីឡាករល្អៗប្រមូលផ្ដុំគ្នាច្រើន ហើយបើ Neymar លេងបាន ១០០% ទៀត គឺកាន់តែខ្លាំងទៀត ។
 
ដោយឡែកលោក សំ វ៉ាន់ដេត បានលើកឡើងថា ក្រុមជម្រើសជាតិប្រេស៊ីល និងអេស្ប៉ាញ គឺជាក្រុមមានអាទិភាពខ្ពស់ជាងគេ ក្នុងការលើកពាន World Cup 2018 ។ លោកបានបញ្ជាក់ថា៖ «អ្វីដែលសំខាន់ អ្វីដែលខ្ញុំគិតថា ប្រេស៊ីលមានរំពឹងខ្ពស់ ព្រោះក្រុមនេះល្អទាំងស្រុង ចាប់ពីអ្នកចាំទី ការពារ បម្រើ និងប្រយុទ្ធ និយាយរួមគឺទាំងកីឡាករបម្រុង និងកីឡាករចូលលេង សុទ្ធតែល្អដូចគ្នា ។ រីឯអេស្ប៉ាញក៏មិនខុសគ្នាប៉ុន្មានដែរ មានន័យថា ចង្វាក់លេងតាំងពីក្រោម រហូតដល់លើ គឺខ្លាំងមែនទែន ទោះបីមានបញ្ហាខ្សែប្រយុទ្ធតិចតួច តែបើនិយាយពីខ្សែបម្រើ និងការពារ គឺខ្លាំង បើធៀបនឹងក្រុមអឺរ៉ុប ចឹងខ្ញុំរំពឹងខ្ពស់លើក្រុមទាំងពីរ» ។
គួរបញ្ជាក់ថា ចំពោះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 គ្រោងនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ ដោយមាន ៣២ប្រទេសចូលរួម ស្មើនឹង ៦៤ប្រកួត នៅតាមពហុកីឡដ្ឋានចំនួន ១២ ស្មើនឹង ១០ទីក្រុង ទូទាំងប្រទេសរុស្ស៊ី គ្រាដែលប្រកួតបើកឆាកក្រុមម្ចាស់ផ្ទះរុស្ស៊ី ត្រូវជួបក្រុមអារ៉ាប់ប៊ីសាអូឌីត នាថ្ងៃទី១៤ ខែមិថុនា នាវេលាម៉ោង ១០យប់ ៕
អត្ថបទ៖ បុត្រា

មតិយោបល់