Privat ទម្លាក់ Julius ពីកំពូលតារាង Top-Scorers ក្រោយជួយក្រុមអាស៊ីអឺរ៉ុប លត់វេស្ទើន ៦-១

នូ មករា June 11, 2018


ភ្នំពេញ៖ កីឡាករ Befolo Privat Mbarga នៃក្រុមអាស៊ីអឺរ៉ុប បានធ្វើឲ្យភ្ញាក់ផ្អើលជាខ្លាំង ក្នុងការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី៩ ក្រោយរកបាន ៦គ្រាប់ម្នាក់ឯង ជួយក្រុមលត់ក្រុមវេស្ទើនភ្នំពេញ ៦-១ នៅលើទឹកដីខ្លួនកាលពីម្សិលមិញ ។ ការធ្វើបាន Double Hat-Trick នេះ បានជួយឲ្យកីឡាករកាមេរ៉ូនរូបនេះ ហក់ឡើងឈរកំពូលតារាងអ្នកទាត់បញ្ចូលទីច្រើនជាងគេ(Top-Scorers) ជាបណ្ដោះអាសន្នតែម្ដង ។
សម្រាប់ការជួយក្រុមអាស៊ីអឺរ៉ុបឲ្យទទួលបាន ៣ពិន្ទុនេះ មិនត្រឹមតែធ្វើឲ្យខ្លួន អាចទម្លាក់កីឡាករ Julius Oiboh របស់ក្រុមបឹងកេត ធ្លាក់ពីកំពូលតារាង Top-Scorers នោះទេ គឺថែមទាំងជួយក្រុមអាស៊ីអឺរ៉ុប រំកិលខ្លួនទៅឈរលេខរៀងទី៧ និងមាន ១២ពិន្ទុលើក្រុមខ្លាំងមួយចំនួន ដូចជាក្រុមព្រះខ័នរាជស្វាយរៀង, ក្រុមអង្គរថាយហ្គឺរ, ក្រុមសូលទីឡូអង្គរ, ក្រុមអគ្គិសនីកម្ពុជា និងក្រុមបាត់តារាងវេស្ទើនភ្នំពេញផ្ទាល់តែម្ដង ។
សូមបញ្ជាក់ថា ជាបណ្ដោះអាសន្នពេលនេះ កីឡាករ Privat បានឈរកំពូលតារាង Top-Scorers ដោយរកបាន ១៣គ្រាប់ច្រើនជាងគេ គ្រាដែលកីឡាករឈរកំពូលតារាងច្រើនសប្ដាហ៍ Julius បានធ្លាក់មកឈរលេខរៀងទី២ ដោយរក្សាការរកបាន ៨គ្រាប់ និងមានគូប្រកួតឡើងមកម្នាក់ទៀត គឺកីឡាករ George Bisan ដែលរកបាន ២គ្រាប់ម្នាក់ឯង ជួយក្រុមណាហ្គាវើល យកឈ្នះក្រុមប៉ូលិស ៤-២ ធ្វើឲ្យគេរកបាន ៨គ្រាប់ស្មើគ្នាក្នុងសប្ដាហ៍ទី៩ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់