ស្ងាត់ៗ ប្រាក់ មុន្នី ឧត្តម បង្កើតក្រុមបាល់ទាត់ថ្នាលមួយ ដោយប្រើឈ្មោះត្រកូល “Prak”

នូ មករា June 11, 2018


ភ្នំពេញ៖ ក្រោយត្រូវបានក្លឹប Negeri Sembilan បញ្ចប់កុងត្រា កីឡាករជម្រើសជាតិកម្ពុជា ប្រាក់ មុន្នីឧត្តម នៅមិនទាន់បង្ហើបឲ្យដឹងពីទ្រនំថ្មី ដែលខ្លួនត្រូវបន្ដអាជីពនោះទេ ។ ប៉ុន្ដែថ្មីៗនេះ អតីតសមាជិកក្រុមព្រះខ័នរាជស្វាយរៀង បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយ គឺការបង្កើតក្រុមបាល់ទាត់ថ្នាលមួយ ដែលមានឈ្មោះថា “Prak Football Academy” ។
  
មុន្នីឧត្តម បានឲ្យដឹងថា ក្រុមបាល់ទាត់ថ្នាល ដែលប្រើឈ្មោះត្រកូល “ប្រាក់ ឬPrak” នេះ គឺបង្កើតឡើង ដោយមានលោក ប្រាក់ សុវណ្ណារ៉ា និងខ្លួនជាជំហរ ហើយក៏មានការចូលរួមពីបងប្អូនត្រកូល “ប្រាក់” ផ្សេងទៀតផង ។ ប៉ុន្ដែជំហានដំបូង ពេលនេះគឺកំពុងធ្វើតេស្ដសមត្ថភាពកីឡាករវ័យក្មេងនៅឡើយ ហើយការហ្វឹកហាត់ និងធ្វើតេស្ដនេះ ត្រូវបានកំណត់រៀបចំមួយសប្ដាហ៍ម្ដង រៀងរាល់ថ្ងៃអាទិត្យ លើទីលានឯកជនមួយក្បែរផ្លូវ ៦០ម៉ែត្រ តែមិនទាន់កំណត់ចំនួនត្រូវជ្រើសរើសនោះទេ ។
កីឡាករដ៏មានប្រជាប្រិយភាពដដែលបន្ដថា គោលដៅក្នុងការបង្កើតក្រុមនេះ ដោយសារខ្លួនចង់ផ្ដល់ឱកាសឲ្យយុវជនចូលរួមលេងកីឡា និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន ដោយផ្ដោតសំខាន់ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ឧត្តម បន្ដថា ប្រសិនបើកីឡាករណាម្នាក់លេចធ្លោរ មានទេពកោសល្យ និងសមត្ថភាពល្អ ក្រុមនឹងជំរុញពួកគេ រហូតទទួលបានជោគជ័យលើវិថីបាល់ទាត់ និងក្រុមជម្រើសជាតិនាពេលអនាគត ។
 
សូមបញ្ជាក់ថា ប្រាក់ មុន្នីឧត្តម គឺជាកីឡាករដ៏មានសក្ដានុពលម្នាក់ ក្នុងចំណោម ៣នាក់ គឺមានកីឡាករ ចាន់ វឌ្ឍនាកា និង កែវ សុខផេង ដែលត្រូវបានក្លឹបលីគកំពូលម៉ាឡេស៊ី បញ្ចប់កុងត្រាមុនកំណត់ ។ ប៉ុន្ដែមកទល់ពេលនេះ ប្រាក់ មុន្នីឧត្តម មិនទាន់បង្ហាញសញ្ញាណាមួយក្នុងការលេងឲ្យក្រុមថ្មីនោះទេ គ្រាដែល ចាន់ វឌ្ឍនាកា កំពុងចរចាជាមួយក្លឹបបរទេស ខណៈកីឡាករ កែវ សុខផេង បានចុះកុងត្រារួមរស់ជាមួយក្លឹបវិសាខារួចមកហើយ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់