អ្នកចាំទីដៃទី៣ ស្វាយរៀង ចាត់ទុកការចាញ់វិសាខា ៣-២ គឺជាបទពិសោធន៍លើកដំបូង

នូ មករា June 11, 2018


ភ្នំពេញ៖ កីឡាករ អ៊ឹម រិទ្ធា អ្នកចាំទីដៃទី៣ របស់ព្រះខ័នរាជស្វាយរៀង បានត្រឹមសម្ដែងការសោកស្ដាយ ក្រោយក្រុមរងបរាជ័យក្រោមថ្វីជើងក្រុមវិសាខា ៣-២ កាលពីចុងសប្ដាហ៍កន្លងទៅ ។ ប៉ុន្ដែការរបូត ៣គ្រាប់ក្នុងការបង្ហាញខ្លួនលើកដំបូងជាមួយលីគកំពូលកម្ពុជានេះ រិទ្ធា បានចាត់ទុកជាបទពិសោធន៍ដ៏ល្អ ដើម្បីកែតម្រូវត្រៀមការប្រកួតក្រោយៗ ។
 
អ៊ឹម រិទ្ធា បាននិយាយក្រោយចប់ការប្រកួតថា៖ «នេះគឺជាការប្រកួតលើកដំបូង និងជាការប្រកួតដ៏ធំសម្រាប់ខ្ញុំ ចឹងខ្ញុំមានអារម្មណ៍ភ័យខ្លះៗ ។ តែការរបូត ៣គ្រាប់ ខ្ញុំចាត់ទុកវាគឺជាបទពិសោធន៍សម្រាប់ខ្ញុំទៅថ្ងៃក្រោយ ដើម្បីឲ្យខ្ញុំកែប្រែចំណុចខ្វះខាត ជាក់ស្ដែងគ្រាប់បាល់ទី១ បាល់ខ្ញុំអាចចាប់បាន តែបែរជាព្យាយាមដោលចេញវិញ…។ ដំបូងឡើយការប្រកួតនេះ ខ្ញុំរំពឹងថា របូតយ៉ាងច្រើន ២គ្រាប់ តែចុងក្រោយខ្ញុំធ្លោយរបូត ៣គ្រាប់ ។ ប៉ុន្ដែនេះគឺជាបទពិសោធន៍សម្រាប់ខ្ញុំកែទៅថ្ងៃក្រោយទៀត» ។
 
សូមបញ្ជាក់ថា រិទ្ធា ទទួលបានឱកាសជាប់ជម្រើសដំបូង និងចាំទីលើកដំបូងឲ្យក្រុមព្រះខ័នរាជស្វាយរៀង ក្នុងលីគកំពូលកម្ពុជា ដោយសារអ្នកចាំទីដៃទី១ អោម ឧត្តម និងអ្នកចាំទីដៃទី២ អាំ សុវណ្ណារ៉ាត់ ត្រូវបានគណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពិន័យព្យួរការប្រកួតរហូតដល់ទៅ ៣ខែ អំឡុងពេលប៉ះទង្គិចគ្នា កាលពីព្រះខ័នរាជស្វាយរៀង ជួបក្រសួងការពារជាតិ កាលពីដើមខែមិថុនាកន្លងទៅ ។ ដូច្នេះតាមរយៈការពិន័យនេះ រិទ្ធា អាចមានឱកាសជាប់ជម្រើសដំបូងរហូតដល់ចប់រដូវកាលឯណោះ ៕
អត្ថបទ៖ បុត្រា

មតិយោបល់