គ្រូការពារជាតិ បរាជ័យក្នុងការប្តឹងឧទ្ធរណ៍ និងបន្តរងពិន័យរឿងប្រព្រឹត្តកំហុស!

នូ មករា June 10, 2018


ភ្នំពេញ៖ នៅទីបំផុតគណៈកម្មការឧទ្ធរណ៍របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរក្សាទុកសេចក្តីសម្រេចលេខ ១៩៨/១៨ របស់គណៈកម្មការវិន័យជាបានការបន្ទាប់ពីបានពិនិត្យឃើញថា លោក ភា សុភក្ត្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ​ពិតជាបានប្រព្រឹត្តកំហុសជាក់ស្តែងក្នុងការប្រកួតកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ យ៉ាងពិតប្រាកដមែន ។ ជាមួយគ្នានេះ គណៈកម្មការឧទ្ធរណ៍ក៏បានតម្រូវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធិភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

សូមរំឮកថា លោក ភា សុភ័ត្រា ត្រូវបានលោក អេង ពៅទិត្យ ប្រធានគណៈកម្មការវិន័យរបស់ FFC សម្រេចចេញលិខិតពិន័យលេខ១៩៨/១៨ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ មិនឲ្យដឹកនាំក្រុម ៤ប្រកួត ក្រោមបទចោទប្រកាន់ “មិន គោរពតាមការសម្រេចចិត្តរបស់មន្ត្រីការប្រកួត” និងបទ “ជេរប្រមាថ” ដោយផ្អែកលើមាត្រា ៤៧នៃ ក្រមសីលធម៌ និងក្រមវិន័យ ចំណុច “ច” ដោយហាមមិនឲ្យប្រើភាសា ឬកាយវិការជេប្រមាថមាក់ងាយ ឬសម្តី គ្រោកគ្រាត និងមាត្រា ៤៩ លើចំណុច “ក” ដោយត្រូវព្យួរយ៉ាងហោចណាស់៤ប្រកួត ក្នុងករណីមានឥរិយាបថ មិនមែនកីឡាចំពោះមន្ត្រីការប្រកួត ។

ទាក់ទងនឹងបញ្ហានេះថ្នាក់ដឹកនាំក្រុមក្រសួងការពារជាតិបានសម្តែងការមិនពេញចិត្តចំពោះសេចក្តីសម្រេចនេះ ខណៈដែល លោក ភា សុភក្ត្រា ផ្ទាល់ធ្លាប់បានសង្កត់ធ្ងន់ៗថា៖ «បើខ្ញុំមិនឈ្នះបណ្ដឹងឧទ្ធរណ៍ហ្នឹង ខ្ញុំឈប់ហើយ ខ្ញុំតាំងចិត្តអញ្ចឹងហ្មង ដើរចេញតែម្ដង ព្រោះពិបាក ។ ពេលខ្លះវាអយុត្តិធម៌សម្រាប់ខ្ញុំ អយុត្តិធម៌ពេក បើខ្ញុំធ្វើ ខ្ញុំប្រព្រឹត្ត ខ្ញុំទទួលយក ប៉ុន្ដែខ្ញុំអត់បានធ្វើហួសហេតុដូចគេបានចេញលិខិតមកអញ្ចឹង មានន័យថា ដូចជាបំផ្លើស និងបំពានមកលើខាងជំនាញយើង ហើយមានសិទ្ធិប្ដឹងតវ៉ា តែអត់ដោះស្រាយឲ្យហើយទៀត ខ្ញុំគិតថា ខ្ញុំដូចជាមិនអាចនៅបន្ដទៀតបានទេ» ៕

អត្ថបទ៖ មករា និង បុត្រា

 

 

 

 

មតិយោបល់