គ្រូវិសាខា៖ បើអាជ្ញាកណ្ដាល មិនផ្លុំកញ្ចែបញ្ចប់ការប្រកួត ភាគរយខ្ពស់គឺស្វាយរៀងឈ្នះ!

នូ មករា June 10, 2018


ភ្នំពេញ៖ លោក ហុក សុជីវ័ន្ដ គ្រូបង្វឹកក្រុមវិសាខា ហាក់មិនសូវសប្បាយចិត្តប៉ុន្មានទេ សម្រាប់ការរកបាន ៣ពិន្ទុពីក្រុមព្រះខ័នរាជស្វាយរៀង ជាមួយនឹងជ័យជម្នះទាំងប្រផិតប្រផើយ ៣-២ ក្នុងជំនួបសប្ដាហ៍ទី៩ នៃលីគកំពូលកម្ពុជាកាលពីល្ងាចមិញ ។ មិនតែប៉ុណ្ណោះ លោកថែមទាំងអះអាងថា បើសិនការប្រកួតសល់ម៉ោងច្រើន ឬអាជ្ញាកណ្ដាល មិនទាន់ផ្លុំកញ្ចែបញ្ចប់ការប្រកួតទេនោះ លទ្ធផលអាចនឹងបញ្ច្រាសមកវិញទៀតផង ។
ការលើកឡើងបែបនេះ ដោយសារលោកសង្កេតឃើញក្រុមព្រះខ័នរាជស្វាយរៀង បានព្យាយាមដាក់សម្ពាធខ្លាំងលើកូនក្រុមនៅតង់ទី២ បន្ទាប់ពីកូនក្រុមខ្លួនកីឡាករ ចិន វណ្ណៈ ទទួលបានកាត់ក្រហមនៅនាទី៦៥ ។ លោកបានថ្លែងថា៖ «ខ្ញុំទទួលស្គាល់ បើសិនជាការប្រកួតហ្នឹងនៅម៉ោងច្រើន គឺលទ្ធផលយើងអាចឈានដល់ចាញ់គេ ខ្ញុំទទួលស្គាល់ លទ្ធផលនេះភាគរយច្រើន គឺយើងចាញ់គេ ទោះមិនចាំបាច់កីឡាករគេពេញទេ ។ អានេះជាក់ស្ដែង យើងមើលអ្វីដែលយើងលេង គឺយើងទទួលស្គាល់» ។
សូមបញ្ជាក់ថា ការប្រកួតដ៏តានតឹងនេះ សម្រាប់ព្រះខ័នរាជស្វាយរៀង គឺបានប្រើប្រាស់កីឡាករបម្រុងច្រើន បន្ទាប់ពីរាមច្បងរបស់ពួកគេ ៧នាក់ ត្រូវបានសហព័ន្ធពិន័យព្យួរការប្រកួតជាច្រើនប្រកួត និងជាច្រើនខែ តែពួកគេនៅតែធ្វើបានល្អ បន្ទាប់ពីវិសាខានាំមុខ ៣-០ ត្រឹមដើមតង់ទី២ ពួកគេបានព្យាយាមវាយបក និងមានឱកាសស៊ុតជាច្រើនលើកច្រើនសារ តែធ្វើបានសម្រេចត្រឹមតែ ២គ្រាប់មកវិញ ។ ចំណែកលោក ហុក ជីវ័ន្ដ បានបញ្ជាក់ដែរថា ប្រកួតនេះកីឡាករមិនទាន់ពេញជើងល្អនោះទេ ព្រោះលោកត្រូវការកីឡាករខ្លះ សម្រាប់ត្រៀមការប្រកួតសប្ដាហ៍បន្ទាប់ ដោយត្រូវជួបក្រុមខ្លាំងបឹងកេត ៕
អត្ថបទ៖ បុត្រា

មតិយោបល់