Pouya៖ ទោះចាញ់បឹងកេត តែយើងមិនអន់នោះទេ!

នូ មករា June 10, 2018


ភ្នំពេញ៖ សមាជិកក្រុមភ្នំពេញក្រោនកីឡាករ Pouya Hosseini បានលើកឡើងថា ទោះបីរបូត ៣ពិន្ទុក្រោមថ្វីជើងក្រុមបឹងកេតកាលពីយប់មិញក៏ពិតមែន ប៉ុន្ដែកីឡាករអ៊ីរ៉ង់រូបនេះ មើលឃើញថា ទម្រង់លេងជាក្រុមរបស់ភ្នំពេញក្រោន គឺមិនចាញ់បឹងកេតឡើយ ហើយគេបានចាត់ទុកនេះ គឺជាបទពិសោធន៍មួយ ដែលក្រុមទាំងមូល ត្រូវស្វែងយល់ពីចំណុចខ្វះខាត ដើម្បីត្រៀមការប្រកួតក្រោយៗឲ្យកាន់តែល្អប្រសើរ ។
  
កីឡាករវ័យ ៣០ឆ្នាំរូបនេះ និយាយថា៖ «ថ្ងៃនេះ ពួកយើងលេងបានល្អ ។ ទោះបីយើងចាញ់ ប៉ុន្ដែវាជាបទពិសោធន៍របស់យើង បើសិនយើងស្វែងយល់ពីការចាញ់នេះ យើងលេងបានខ្លាំង និងព្យាយាមរក្សាទម្រង់លេងល្អរបស់ពួកគេ យើងប្រើប្រាស់វាបានល្អ យើងនឹងឈ្នះ ។ ខ្ញុំគិតយើងចាញ់ ដោយសារតែបទពិសោធន៍របស់យើងមិនទាន់ល្អនៅឡើយ ។ បឹងកេតពួកគេលើកពាន ២ឆ្នាំជាប់គ្នា ពួកគេគឺល្អ ប៉ុន្ដែថ្ងៃនេះ ពួកគេលេងមិនល្អជាងយើងនោះទេ…» ។
 
គួរបញ្ជាក់ថា គូឯកប្រចាំសប្ដាហ៍រវាងអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន និងក្រុមជើងឯក ៣សម័យកាលបឹងកេតកាលពីយប់មិញ គឺក្រុមការពារជើងឯកបឹងកេតបានយកឈ្នះ ៣-២ ទាំងត្រដាបត្រដួសស្របពេលកីឡាករ អ៊ុក សុវណ្ណ របស់ភ្នំពេញក្រោន ត្រូវបានពិន័យកាតក្រហមនៅនាទី៦៥ បន្ទាប់មកទើបកីឡាករ ហុង ផេង ស៊ុតគ្រាប់បាល់ទី៣ ឲ្យបឹងកេត នៅនាទី៦៧ ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង ត្បិតមុនភ្នំពេញក្រោនបាត់បង់សមាជិកម្នាក់ ក្រុមទាំងពីរមានលទ្ធផលស្មើគ្នា ២-២ ។ សម្រាប់ជ័យជម្នះរបស់ក្រុមបឹងកេត បានធ្វើឲ្យពួកគេ បន្ដឈរកំពូលតារាងមាន ២៣ពិន្ទុ ក្នុងសប្ដាហ៍ទី៩ នៃលីគកំពូលកម្ពុជា ជាមួយលទ្ធផល ៩ប្រកួតឈ្នះ៧ ស្មើ២ មិនទាន់ស្គាល់ចាញ់នៅឡើយ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់