គ្រូភ្នំពេញក្រោន រំពឹងបន្ដកំណត់ត្រាឈ្នះលើបឹងកេត តែមិនប្រហែសឡើយស្អែកនេះ!

នូ មករា June 8, 2018


ភ្នំពេញ៖ លោក Sean Sainbury គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានចាត់ទុកជំនួបជាមួយក្រុមការពារតំណែងជើងឯកបឹងកេតស្អែកនេះ គឺជាជំនួបដ៏សំខាន់ ហើយក៏រំពឹងទទួលបាន ៣ពិន្ទុបន្ថែមផងដែរ ប៉ុន្ដែលោកបានរំលឹកដល់កូនក្រុមខ្លួនថា មិនអាចមានការធ្វេសប្រហែសឡើយ ព្រោះបឹងកេត គឺជាក្រុមខ្លាំងមួយនាពេលបច្ចុប្បន្ន ។ មុនឈានដល់ការប្រកួតគូឯកប្រចាំសប្ដាហ៍នេះ សូមទស្សនិកជនចាប់អារម្មណ៍ នឹងលទ្ធផលជួបគ្នា កាលពីរដូវកាលឆ្នាំ២០១៧ ឃើញថា ភ្នំពេញក្រោន បានយកឈ្នះក្រុមជើងឯក ៣ជំនាន់នេះទាំង ២ជើង ពោលគឺជើងទី១ ឈ្នះ ៤-០ ក្នុងទឹកដី និងជើងទី២ ឈ្នះ ២-១ ក្រៅទឹកដី ។ ដូច្នេះចាំមើលស្អែកនេះ តើភ្នំពេញក្រោន អាចរក្សាកំណត់ត្រាឈ្នះបានដែរ ឬយ៉ាង?
ជុំវិញការប្រកួតដ៏ធំប្រចាំសប្ដាហ៍នេះដែរ ត្រូវបានគ្រូបង្វឹកសញ្ជាតិអង់គ្លេសលោក Sean Sainbury លើកឡើងថា៖ «ក្រុមបឹងកេតជាក្រុមល្អមួយ ពួកគេមានកីឡាករល្អៗ ហើយវាគឺជាការប្រកួត ដែលយើងទន្ទឹងរង់ចាំ ។ ដូច្នេះយើងបានរៀបចំរាល់ការប្រកួតទាំងអស់ ក្នុងរដូវកាលនេះ ដើម្បីទទួលបានជ័យជម្នះ ហើយខ្ញុំគិតថាយើងនឹងមានឱកាសល្អៗដើម្បីឈ្នះការប្រកួតនេះ» ។
សូមបញ្ជាក់ថា នេះគឺជាការប្រកួតសប្ដាហ៍ទី៩ នៃលីគកំពូលកម្ពុជា ដោយក្រុមភ្នំពេញក្រោន ត្រូវបើកទ្វារកីឡដ្ឋាន RSN ទទួលក្រុមកំពុងឈរកំពូលតារាងបណ្ដោះអាសន្នបឹងកេត នាវេលាម៉ោង ៦ល្ងាចថ្ងៃទី០៩ ខែមិថុនាស្អែកនេះ ។ អ្វីដែលពិសេស សម្រាប់ការចូលរួមនេះ ក្រុមម្ចាស់ផ្ទះបានត្រៀមរៀបចំនូវកម្មវិធីកម្សាន្ដ និងលេងហ្គេម ដើម្បីឈ្នះរង្វាន់ជាច្រើនទៀតផង ។ ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាជំនួបដ៏កក្រើកនេះឲ្យបានច្រើនកុះករ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់