ល្បី CV11 កំពុងចរចាជាមួយក្លឹបបរទេស ២ ស្របពេលសាមីខ្លួនអះអាងនឹងបន្ដលេងក្រៅស្រុក

នូ មករា June 8, 2018


ភ្នំពេញ៖ ស្របពេលរដូវកាលដោះដូរកីឡាករជិតបើកទ្វារទៅហើយនោះ ព័ត៌មានពីអនាគតលើវិថីបាល់ទាត់របស់ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា កាន់តែទទួលបានការចាប់អារម្មណ៍រហូតមានព័ត៌មានបានបែកធ្លាយជាបន្ដបន្ទាប់ ជាក់ស្ដែងថ្ងៃនេះ មានការលើកឡើងថា កីឡាកររហស្សនាម CV11 នេះ កំពុងចរចាជាមួយក្លឹបបរទេសចំនួនពីរ គ្រាដែលសាមីខ្លួនបានអះអាងថា ខ្លួននឹងបន្ដលេងឲ្យក្លឹបក្រៅស្រុក នៅជើងទី២ សម្រាប់ឆ្នាំ២០១៨ នេះ ។
ចំពោះក្លឹបបរទេស ដែលត្រូវបានគេទម្លាយថា កូនប្រុសអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះ កំពុងធ្វើការចរចាពេលនេះ គឺមានក្លឹប Chiangrai United នៃលីគកំពូលថៃ និងក្លឹប Home United នៃលីគកំពូលសិង្ហបុរី បន្ទាប់ពី ចាន់ វឌ្ឍនាកា ត្រូវបានក្លឹប Pahang FA សមាជិកលីគកំពូលម៉ាឡេស៊ី ប្រកាសផ្ដាច់កុងត្រាមុនកំណត់ កាលពីពេលថ្មីៗ ។ យ៉ាងណាក៏ដោយ ព័ត៌មានច្បាស់ការណ៍មកទល់ពេលនេះ មិនទាន់ត្រូវបានសាមីខ្លួនទម្លាយឲ្យដឹងនោះទេ ត្បិតគេធ្លាប់លើកឡើងថា កំពុងចរចាជាមួយក្លឹបបរទេសពិតមែន ។
បើតាមការធ្លាប់ឲ្យដឹងរបស់កីឡាករដើមកំណើតមកពីខេត្តកំពត CV11 បានបញ្ជាក់ថា ខ្លួនបាននឹងកំពុងចរចាជាមួយក្លឹបបរទេស ហើយខិតជិតដល់តំណាក់កាលព្រមព្រៀងហើយ ប៉ុន្ដែមិនទាន់បង្ហើបពីឈ្មោះក្លឹប ឬប្រទេស ដែលខ្លួនត្រូវបន្ដអាជីពក្រៅស្រុកនោះទេ ។ តែអ្វីដែលច្បាស់នោះ គឺ ចាន់ វឌ្ឍនាកា បានសង្កត់ធ្ងន់ថាថា សម្រាប់ជើងទី២ ក្នុងឆ្នាំ២០១៨ ខ្លួននឹងបន្ដលេងក្រៅស្រុក មិនទាន់វិលត្រឡប់មកចូលរួមជាមួយក្លឹប នៃលីគកំពូលកម្ពុជានោះទេ ។ យ៉ាងណាមិញ សូមកុំភ្លេចចាំអ៊ុតទាំងអស់គ្នា ចាំមើលតើក្លឹបបរទេសទី៣ ដែលកីឡាករជំនាញជើងឆ្វេង នឹងរួមរស់ជាមួយគឺជាក្លឹបនៃប្រទេសណា?
អត្ថបទ៖ បុត្រា

 

មតិយោបល់