ស្វាយរៀង ព្រមានបញ្ចប់កុងត្រា ចំពោះអ្នកបង្កកំហុសធ្ងន់ធ្ងរលើកទី២

នូ មករា June 8, 2018


ភ្នំពេញ៖ បន្ទាប់ពីទទួលបានការពិន័យពីក្រុមគណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្នាក់ដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង ក៏បានប្រកាសត្រៀមចាត់វិធានការបន្ថែមលើកូនក្រុមខ្លួនមួយចំនួន ដែលបានប្រព្រឹត្ដកំហុសជាក់ស្ដែង ដែលអាចពិន័យកាត់ប្រាក់ខែ ប៉ុន្ដែក្លឹបព្រមានបើសិនពួកគេបង្កកំហុសធ្ងន់ធ្ងរលើកទី២ ក្លឹបនឹងបញ្ចប់កុងត្រាតែម្ដង ។
លោក អោក សំណាង អគ្គលេខាធិការក្លឹបព្រះខ័នរាជស្វាយរៀង បានបញ្ជាក់ក្នុងសន្និសីទសារពត៌មាន នៅសណ្ឋាគារហ៊ីម៉ាវ៉ារី កាលពីម្សិលមិញថា ដោយសារនេះគឺជាកំហុសលើកទី១ ដែលកីឡាករខ្លួនបាប្រព្រឹត្តដោយសារកំហឹងមួយឆាវ ដូច្នេះក្លឹបនឹងចាប់វិធានការតាមវិន័យក្លឹប គឺអាចកាត់ប្រាក់ខែកីឡាករ ដែលបានប្រព្រឹត្តកំហុស អំឡុងការប៉ះទង្គិចគ្នា រវាងការប្រកួតជាមួយក្រុមក្រសួងការពារជាតិកាលពីសប្ដាហ៍មុន ។

លោកបានបន្ដថា ការគ្រោងពិន័យត្រឹមកាត់ប្រាក់ខែនេះ គឺដោយសារមនោសញ្ចេតនា ចំពោះកីឡាករ ដែលទើបបង្កកំហុសធ្ងន់ធ្ងរលើកដំបូង ហើយអ្នកខ្លះមានគ្រួសារត្រូវផ្គត់ផ្គង់ចាំបាច់ ដូច្នេះមិនទាន់ឈានដល់ការប្រើវិន័យតឹងរឹងបញ្ចប់កុងត្រាអ្នកណាម្នាក់ ឬឲ្យពួកគេដើរចេញនោះទេ ។ ប៉ុន្ដែបាល់ទាត់មានវិន័យបាល់ទាត់ ដូច្នេះបើសិនអ្នកណាម្នាក់ ដែលហ៊ានប្រព្រឹត្តកំហុសធ្ងន់ធ្ងរជាលើកទី២ ក្លឹបអាចនឹងប្រើវិន័យដ៏តឹងរឹងមិនអាចលើកលែងបាន គឺការបញ្ចប់កុងត្រាតែម្ដង ។

សូមរំឮកថា ជុំវិញករណីប៉ះទង្គិចគ្នា រហូតផ្ទះជាហិង្សាវាយតប់គ្នាពេញទីលាន កាលពីជំនួបក្រុមព្រះខ័នរាជស្វាយរៀង ប៉ះក្រសួងការពារជាតិ លើទឹកដីស្វាយរៀង កាលពីថ្ងៃទី០៣ ខែមិថុនា ក្រុមគណៈកម្មការវិន័យរបស់សហព័ន្ធ បានសម្រេចពិន័យសមាជិកក្រុមព្រះខ័នរាជស្វាយរៀង ៨នាក់ គ្រាដែលពិន័យសមាជិកក្រុមក្រសួងការពារជាតិត្រឹមតែ ៣នាក់ប៉ុណ្ណោះ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់