ថ្នាក់ដឹកនាំស្វាយរៀង សុំទោសចំពោះកំហុសឆ្គង និងត្រៀមប្តឹងឧទ្ធរណ៍លើការពិន័យកីឡាករខ្លះ

នូ មករា June 7, 2018


ភ្នំពេញ៖ លោក អោក សំណាង អគ្គលេខាធិការក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នេះពាក់ព័ន្ធនឹងការដាក់ពិន័យលើកីឡាករ ក៏ដូចជាមន្ត្រីរបស់ក្លឹបដោយលោកបានថ្លែងសុំទោសចំពោះកំហុសឆ្គងនៃការប៉ះទង្គិចជាមួយក្រុមក្រសួងការពារជាតិកាលពីសប្តាហ៍មុន និងបានបញ្ជាក់ថា នេះជារូបភាពដែលមិនគួរកើតមាននៅក្នុងវិស័យបាល់ទាត់នៅកម្ពុជាព្រមទាំងបានបណ្តាលឱ្យមានការប៉ះពាល់អារម្មណ៍អ្នកគាំទ្រ ក៏ដូចជាដំណើរអភិវឌ្ឍន៍កីឡាបាល់ទាត់ថែមទៀងផង ។

យ៉ាងណាក៏ដោយ លោកបានអះអាងថា ក្លឹបនឹងធ្វើការប្តឹងឧទ្ធរណ៍ចំពោះការដាក់ពិន័យលើមន្ត្រី និងកីឡាករទាំង ៨រូបដែលខ្លះត្រូវបានហាមប្រាមមិនឱ្យចូលរួមប្រកួតរហូតដល់ទៅ ៣ខែនោះ ដោយលោកបានថ្លែងថា វាមានភាពធ្ងន់ធ្ងរពេក និងមិនអាចទទួលយកបាន ប៉ុន្តែការប្តឹងឧទ្ធរណ៍នេះធ្វើឡើងតែចំពោះករណីមួយចំនួនប៉ុណ្ណោះ ពោលគឺចំពោះកីឡាករដែលមិនគួររងពិន័យ ហើយសម្រាប់អ្នកប្រព្រឹត្តខុស ក្លឹបនឹងដាក់ទណ្ឌកម្មបន្ថែមទៀត ដូចជាករណីគ្រូជំនួយក្លឹបជាដើម ។ ជាមួយគ្នានេះលោក អោក សំណាង ក៏បានសម្តែងក្តីសោកស្តាយចំពោះកីឡាករជប៉ុន Yudai Ogawa ដែលបានរងបួសក្នុងពេលប៉ះទង្គិចនោះ ហើយថាកីឡាករជប៉ុនរូបនេះមកកម្ពុជាដើម្បីចែករំលែកបទពិសោធន៍ និងបច្ចេកទេសដល់កីឡាករកម្ពុជាប៉ុន្តែបែរជាជួបរឿងអកុសលបែបនេះទៅវិញ ។

លោកបានបន្ថែមថា ក្លឹបនឹងធ្វើការដាក់ពិន័យបន្ថែមលើកីឡាករដែលបានបង្កកំហុសដោយកាត់ប្រាក់ខែផ្អែកទៅតាមបទបញ្ជារបស់ក្លឹបតែម្តង ។ សូមបញ្ជាក់ថា នៅក្នុងសេចក្តីសម្រេចរបស់ខ្លួន គណៈកម្មការវិន័យបានដាក់ទណ្ឌកម្មលើកីឡាកររបស់ស្វាយរៀងដូចខាងក្រោម៖ កីឡាករ នុប តុលា ព្យួរ ២ប្រកួតនិងពិន័យជាប្រាក់ ៥០មុឺនរៀល, សឿយ វិសាល ព្យួរ ៤ប្រកួតនិងពិន័យ ៥០មុឺនរៀល ចំណែកឯ ហ៊ុយ ផល្លីន, អោម ឧត្តម, សុក សំណាង, អាំ សុវណ្ណរ៉ាត់, សារ៉េត គ្រីយ៉ា ព្រមទាំងមន្ត្រីក្លឹប សួន ធួន ត្រូវព្យួរចំនួន ៣ខែ និងពិន័យ ៥០មុឺនរៀល ។​ ជាមួយគ្នានេះ ក្លឹបព្រះខ័នរាជស្វាយរៀង ក៏ត្រូវបានពិន័យមិនឱ្យមានទស្សនិកជនចូលមើលចំនួន ១ប្រកួត រួមទាំងប្រាក់ ២លានរៀលផងដែរ ពីបទធ្វេសប្រហែសធ្ងន់ធ្ងរ ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់