ទ័ពគ្រោងដកបណ្ដឹងឧទ្ធរណ៍រឿងគ្រូបង្វឹក ស្របពេល FFC ចេញលិខិតព្រមានបន្ថែម!

នូ មករា June 7, 2018


ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រុមបាល់ទាត់ក្រសួងការពារជាតិ(ទ័ព) បានបង្ហើបគម្រោងស្នើសុំដកលិខិតបណ្ដឹងឧទ្ធរណ៍តវ៉ារឿងដាក់ពិន័យព្យួរការដឹកនាំ ៤ប្រកួតលើ លោក ភា សុភក្ដ្រា ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាវិញ ក្រោយមិនមានជំនឿចិត្តលើចំណាត់ការរបស់ក្រុមគណៈកម្មការវិន័យរបស់សហព័ន្ធ គ្រាដែលព្រឹកនេះ ក្រុមគណៈកម្មការវិន័យបានបន្ថែមបន្ទុកថ្មីមួយទៀត គឺការចេញលិខិតព្រមានចុងក្រោយដល់គ្រូបង្វឹកកម្រិត A-License រូបនេះ បន្ទាប់ពីផ្ទុះការប៉ះទង្គិចគ្នា អំឡុងពេលប្រកួតជាមួយក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងថ្ងៃមុន ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗ លោក ខូវ ឆាយ អគ្គលេខាធិការក្លឹបក្រសួងការពារជាតិ បានសម្ដែងការមិនពេញចិត្ត ចំពោះការអនុវត្តការងាររបស់គណៈកម្មការវិន័យរបស់សហព័ន្ធឡើយ ក្រោយការពិន័យព្យួរការដឹកនាំ ៤ប្រកួតលើលោក ភា សុភក្ដ្រា ហើយក្លឹបបានដាក់បណ្ដឹងឧទ្ធរណ៍ តែរង់ចាំមកទល់បច្ចុប្បន្ន មិនទាន់មានចំណាត់ការនៅឡើយ ។ ទន្ទឹមនឹងការអស់ជំនឿចិត្តលើមន្ដ្រីក្រោមឱវាទរបស់សហព័ន្ធនេះ លោកក៏បានគាស់កកាយរឿងពីអតីតកាល អំឡុងការប្រកួតរវាងក្រុមក្រសួងការពារជាតិ ជាមួយក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំ២០១៧ ផងដែរ ដែលក្លឹបបានរង់ចាំមកទល់បច្ចុប្បន្ន តែគ្មានដំណោះស្រាយ ។

លោក ខូវ ឆាយ បាននិយាយថា៖ «…ទាក់ទងនឹងការពិន័យនេះ ខ្ញុំសូមលើកករណីមួយ តាំងពីឆ្នាំ២០១៧ ក្រសួងការពារជាតិ ចាញ់ស្វាយរៀង ៣-២ ហើយបានដាក់ពិន័យមកក្លឹបក្រសួងការពារជាតិថា មានកីឡាករចោលដុំថ្ម ទៅលើអាជ្ញាកណ្ដាល ហើយពិន័យទឹកប្រាក់ ១លាន ។ ទឹកប្រាក់នេះ មិនច្រើនទេ តែរូបភាពនេះ វាបង្ហាញថា ក្លឹបយើងគ្មានវិន័យ គ្មានសណ្ដាប់ធ្នាប់ សម្រាប់សាធារណៈជន ។ យើងបានធ្វើបណ្ដឹងឧទ្ធរណ៍ ប៉ុន្ដែមកដល់ថ្ងៃនេះ ១ឆ្នាំហើយ អត់ទាន់ឃើញមានការស្រាវជ្រាវ សើរើ ឬហៅទៅដោះស្រាយទេ» ។

បន្ថែមលើនេះ លោកបន្ដថា៖ «ឥលូវការដាក់ពិន័យលើលោកគ្រូ ភា សុភក្ដ្រា ដាក់ពិន័យថ្ងៃសុក្រ(ថ្ងៃទី២៥ ខែឧសភា) ម៉ោង ៣៖៣០នាទីរសៀល ផ្ញើលិខិតពិន័យមក ហើយថ្ងៃសៅរ៍ប្រកួត ហើយឲ្យយើងតវ៉ា តវ៉ារបៀបម៉េច ប្ដឹងឧទ្ធរណ៍ម៉េចទាន់ បើចប់ម៉ោងរដ្ឋបាល ។ ថ្ងៃច័ន្ទ(ថ្ងៃទី២៨ ខែឧសភា) យើងដាក់បណ្ដឹងឧទ្ធរណ៍ទៅ តែរហូតមកទល់ថ្ងៃនេះ(ថ្ងៃទី០៥ ខែមិថុនា) អត់ទាន់មានការឆ្លើយបំភ្លឺ កោះអញ្ជើញទៅឆ្លើយបំភ្លឺ សើរើ ។ សួរថា យើងដាក់បណ្ដឹងឧទ្ធរណ៍ទៅ បានផលប្រយោជន៍អី ឥឡូវចាំតែ ១សប្ដាហ៍ ២សប្ដាហ៍ទៅ ផុតបាត់ហើយពិន័យ ៤ប្រកួត។ ឥលូវខ្ញុំចង់ឲ្យគ្រូខ្ញុំ ខាងរដ្ឋបាលហ្នឹង ទៅសុំយកលិខិតបណ្ដឹងឧទ្ធរណ៍មកវិញ មិនបាច់ប្ដឹងទេ ចុះបើតែ ២សប្ដាហ៍ទៀត ហួតបាត់ហើយការពិន័យ ៤ប្រកួត» ។

ក្រោយមើលឃើញពីភាពយឺតយ៉ាវក្នុងការអនុវត្តការងាររបស់មន្ដ្រីសហព័ន្ធបែបនេះ លោកបានសង្កត់ធ្ងន់ថា៖ «ចឹងបានថា ខ្ញុំនិយាយត្រង់ មិនមែនថាខ្ញុំនឹងមិនគោរពសេចក្ដីសម្រេចនេះទេ តែខ្ញុំមិនដឹងថា អ្នកធ្វើការសេចក្ដីសម្រេចពិន័យហ្នឹង គាត់យល់ពីបាល់ទាត់អត់ផង ហើយខ្ញុំមិនដែលគិតថា គាត់ធ្វើការមានតម្លាភាព មានប្រសិទ្ធភាព អុីចឹងខ្ញុំសំណូមពរដដែលៗ ពិន័យឡើងវិញ ចំពោះគណៈកម្មការវិន័យ និងសុំទោសឯកឧត្តមប្រធានសហព័ន្ធ សៅ សុខា ជួយពិនិត្យការអនុវត្តការនេះផង ដើម្បីចៀសវាងការរិះគន់របស់អ្នកគាំទ្រ…» ។

 

ប៉ុន្ដែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ខណៈដែលថ្នាក់ដឹកនាំក្លឹបទ័ពកំពុងមានបំណងដកពាក្យបណ្តឹងឧទ្ធរណ៍វិញ ស្រាប់តែ លោក ភា សុភក្ត្រា ត្រូវបានគណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីព្រមានបន្ថែមទៀតលើរូបលោកដោយបានបញ្ជាក់គ្រូបង្វឹករូបនេះ បានបំពានសេចក្តីសម្រេចកន្លងមក ពោលគឺការហាមប្រាមមិនឱ្យលោកពាក់ព័ន្ធនឹងការប្រកួតចំនួន ៤ប្រកួតនោះ ៕

 

មតិយោបល់