ថ្នាក់ដឹកនាំស្វាយរៀង ប្រតិកម្មចំពោះទណ្ឌកម្មដែល FFC ដាក់លើសមាជិកខ្លួន

នូ មករា June 7, 2018


ភ្នំពេញ៖ «អ្នកប្រព្រឹត្តខុស ខ្ញុំទទួលខុស តែអ្នកដែលទៅទប់កុំឲ្យឈ្លោះ វៃ គ្នា បែរជាទទួលកំហុសធ្ងន់ដែរ ។ ខ្ញុំមិនកាន់ជើងអ្នកដែលខុសទេ តែសូមមេត្តាតាមដានឡើងវិញ រឺ អាចសាកសួរកីឡាករខាងទ័ព ថាអ្នកណាធ្វើ ហើយអ្នកណាទប់កុំអោយមានរឿង» ។ នេះគឺជាប្រតិកម្មពីសំណាក់លោក រិទ្ធ ឌីកា នាយកបច្ចេកទេសក្រុមព្រះខ័នរាជស្វាយរៀង ដែលសរសេរលើគណនីហ្វេសប៊ុនផ្ទាល់ខ្លួន ក្រោយក្រុមគណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចពិន័យសមាជិក ៨នាក់(កីឡាករ ៧នាក់) ជុំវិញរឿងប៉ះទង្គិចជាមួយក្រសួងការពារជាតិ កាលពីសប្ដាហ៍មុន ។
   
បន្ថែមលើនេះ លោក រិទ្ធ ឌីកា ក៏បានស្នើឲ្យសហព័ន្ធពិចារណាឡើងវិញ ជុំវិញការដាក់ទណ្ឌកម្មរបស់ក្រុមគណៈកម្មវិន័យរបស់សហព័ន្ធផងដែរ ដោយសារលោកយល់ថា កូនក្រុមមួយចំនួន បានរងភាពអយុត្តិធម៌ ដោយសារពួកគេ ពុំបានប្រព្រឹត្ត ដូចការដាក់បន្ទុកពិន័យរបស់សហព័ន្ធនោះទេ ។ នាយកបច្ចេកទេសដដែលបានសរសេរថា៖ «សង្ឃឹមថាសហព័ន្ធ និងរកយុត្តិធម៌ ឱ្យកីឡាករដែលមិនខុសផង ព្រឹកនេះខ្ញុំបានហៅកីឡាករមកសួរ ហើយទូន្មានគ្រប់បែបយ៉ាង ឈប់ឱ្យមានលើកក្រោយទៀតជាដាច់ខាត ហើយពួកគាត់ក៏បានសន្យាឈប់ធ្វើរឿងអាក្រក់នេះទៀតហើយ និង ព្រមទទួលអ្នកដែលធ្វើខុស ហើយក៏សុំទោសដល់អ្នកគាំទ្រផងដែរ» ។
គួរបញ្ជាក់ថា សមាជិកក្រុមព្រះខ័នរាជស្វាយរៀង ដែលទទួលរងទណ្ឌកម្មរបស់សហព័ន្ធ រួមមាន នុប តុលា ពិន័យព្យួរ ២ប្រកួត និងទឹក ៥០ម៉ឺនរៀល, កីឡាករ សឿយ វិសា ពិន័យព្យួរ ៤ប្រកួត និងទឹកប្រាក់ ៥០ម៉ឺនរៀល ។ កីឡាករ ហ៊ុយ ផល្លីន, អោម ឧត្តម, សុក សំណាង, អាំ សុវណ្ណារ៉ាត់ និងសារ៉េត គ្រីយ៉ា សុទ្ធតែត្រូវបានពិន័យព្យួរ ៣ខែ និងទឹកប្រាក់ ៥០ម៉ឺនរៀលដូចគ្នា ។ បន្ថែមលើនេះ លោក សួន ធួន មន្ដ្រីរបស់ក្លឹប បានទទួលការពិន័យព្យួរ ៣ខែ និងទឹកប្រាក់ ៥០ម៉ឺនរៀល ។ ចំណែកការធ្វើជាម្ចាស់ផ្ទះ មានការធ្វេសប្រហែស ផ្នែកសន្ដិសុខ សណ្ដាប់ធ្នាប់ ការពារ ត្រូវបានពិន័យប្រកួតមិនមានអ្នកមើល ១ប្រកួត និងទឹកប្រាក់ ២លាន ។
 
យ៉ាងណាមិញការពិន័យនេះ សហព័ន្ធក៏បានទុកផ្លូវប្ដឹងតវ៉ាដល់ក្លឹបព្រះខ័នរាជស្វាយរៀង ក៏ដូចជាក្លឹបក្រសួងការពារជាតិ ដែលបានទទួលទណ្ឌកម្មដូចគ្នាផងដែរ តាមរយៈការធ្វើបណ្ដឹងឧទ្ធរណ៍ ដោយមានសុពលភាពតវ៉ារយៈពេល ៥ថ្ងៃ ។ ប៉ុន្ដែបើគ្មានការប្ដឹងឧទ្ធរណ៍ទេ សេចក្ដីសម្រេចនេះ នឹងចូលជាធរមានតែម្ដង ៕
អត្ថបទ៖ បុត្រា

មតិយោបល់