វិសាខា នៅតែគោរពស្វាយរៀង ទោះបីកីឡាករសំខាន់ ៧រូបរងការពិន័យពី FFC ក៏ដោយ

នូ មករា June 7, 2018


ភ្នំពេញ៖ លោក ហុក សុជីវ័ន្ដ គ្រូបង្វឹកក្រុមវិសាខា នៅតែសម្ដែងការគោរព ចំពោះក្រុមព្រះខ័នរាជស្វាយរៀង ដែលត្រូវជួបគ្នា ក្នុងសប្ដាហ៍ទី៩ នៃលីគកំពូលកម្ពុជាចុងសប្ដាហ៍នេះ ដោយលោកលើកឡើងថា មិនមានការមើលងាយ ឬធ្វេសប្រហែសឡើយ បើទោះបីកីឡាករសំខាន់ៗចំនួន ៧នាក់របស់ក្រុមចាស់ទុំក្នុងលីគកំពូលកម្ពុជានេះ ត្រូវបានក្រុមគណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដាក់ទណ្ឌកម្មពិន័យព្យួរការប្រកួតពី ២ប្រកួត រហូតដល់ ៣ខែក៏ដោយ ។

គ្រូបង្វឹកកាន់សញ្ញាបត្រកម្រិត A-License រូបនេះនិយាយថា៖ «ការប្រកួតជាមួយព្រះខ័នរាជស្វាយរៀងថ្ងៃសៅរ៍នេះ យើងឃើញ ស្វាយរៀង គាត់មានបញ្ហាកីឡាករមួយចំនួនមែន ប៉ុន្ដែអ្វីដែលពួកយើងត្រៀម ពួកយើងធ្វើ គឺយើងអត់ត្រូវការមើលងាយ អត់ត្រូវការធ្វេសប្រហែស ដោយសារកីឡាករល្អៗរបស់គេមានការព្យួរអីនោះទេ គឺគ្រប់ពេលយើងតែងតែយកចិត្តទុកដាក់ ទាំងការពង្រឹងសមត្ថភាព វិន័យ និងរបៀបលេងជាមួយព្រះខ័នរាជស្វាយរៀង ព្រោះគេជាជាក្រុមមួយ ដែលមានយុវជនច្រើន ដែលអំណោយផល និងមានសមត្ថភាពសម្រាប់ការលេង» ។

អតីតគ្រូបង្វឹកក្រុមអង្គរថាយហ្គឺរដដែលបន្ដថា ក្នុងនាមជាក្រុមថ្មី លោកត្រូវការផ្លាស់ប្ដូរយុទ្ធសាស្ដ្រពីមួយប្រកួតទៅមួយប្រកួតខុសៗគ្នា បន្ទាប់ពីធ្វើការកែតម្រូវនូវចំណុចខ្វះរបស់ខ្លួន ។ យ៉ាងណាមិញជួបព្រះខ័នរាជស្វាយរៀង នាថ្ងៃទី០៩ ខែមិថុនា នៅកីឡដ្ឋានវេស្ទើនចុងសប្ដាហ៍នេះ លោកបានប្ដេជ្ញានឹងជំរុញកូនក្រុមធ្វើឲ្យបានល្អបំផុត ដើម្បីស្វែងរកពិន្ទុបន្ថែម ស្របពេលបច្ចុប្បន្នក្រុមឡើងមកពីលីគលំដាប់ទី២ នេះ កំពុងឈរលេខរៀងទី៣ ក្នុងតារាងពិន្ទុលីគកំពូលកម្ពុជា គិតត្រឹមសប្ដាហ៍ទី៨ ដោយមាន ១៦ពិន្ទុ ជាមួយនឹងលទ្ធផល ៨ប្រកួតឈ្នះ៥ ស្មើ១ និងចាញ់២ ៕

អត្ថបទ៖ បុត្រា

មតិយោបល់