ទ័ពត្រៀមរើសកីឡាករថ្មី ក្រោយបញ្ចប់កុងត្រាកីឡាករកូរ៉េ ឯកីឡាករជប៉ុន មិនទាន់ច្បាស់លេងបាន ឬអត់!

នូ មករា June 6, 2018


ភ្នំពេញ៖ ក្រោយបញ្ចប់កុងត្រាកីឡាករកូរ៉េខាងត្បូង Song Chihoon និងពិន័យកាត់ប្រាក់ខែកីឡាករជប៉ុន Yudai Ogawa ក្លឹបក្រសួងការពារជាតិ បានបង្ហើបពីគម្រោងជ្រើសរើសកីឡាករថ្មីមួយចំនួន មកពង្រឹងក្រុមបន្ថែមនៅជើងទី២ គ្រាដែលជើងទី១ ក្លឹបអះអាងនឹងប្រើប្រាស់ធនធានមានស្រាប់សិន ។ នេះបើតាមការលើកឡើងរបស់លោក ខូវ ឆាយ អគ្គលេខាធិការក្លឹបជើងឯករង ២ជំនាន់នេះ ។

លោក ខូវ ឆាយ បានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ ហើយលោកក៏បានសុំទោសជាសាធារណៈ ជុំវិញករណីប៉ះទង្គិចគ្នាលើទីលាន អំឡុងការប្រកួតរវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រសួងការពារជាតិ លើទឹកដីខេត្តស្វាយរៀង កាលពីថ្ងៃអាទិត្យមុនផងដែរ ។ ដោយហេតុនេះ ទើបក្លឹបសម្រេចអនុវត្តបទបញ្ជាផ្ទៃក្នុងដោយបញ្ចប់កុងត្រាកីឡាករ Song Chihoon និងពិន័យកាត់ប្រាក់ខែកីឡាករ Yudai ចំនួន ២ខែដូច្នេះ ។

អគ្គលេខាធិការក្លឹបដដែលបន្ដថា ទន្ទឹមនឹងការពិន័យកីឡាករបរទេសទាំងពីរ សម្រាប់ Song Chihoon គឺបានចប់កិច្ចសន្យាហើយ ។ ប៉ុន្ដែ Yudai មិនទាន់ច្បាស់ពីអនាគតអាចចូលហាត់ និងលេងបានវិញពេលណានោះទេ ព្រោះលទ្ធផលវេជ្ជបណ្ឌិត បានបង្ហាញថា គេត្រូវសម្រាក ១ខែ ដោយរបួសធ្ងន់(រយះក្រដាសត្រចៀក) មិនអាចហ្វឹកហាត់បានទេ ។ ដូច្នេះក្លឹបត្រូវការកម្លាំងថ្មី ដើម្បីពង្រឹងក្រុម ប៉ុន្ដែអាចនឹងជ្រើសរើសក្រោយបញ្ចប់ការប្រកួតជើងទី១ សិន ។ លោកបញ្ជាក់ថា «តាមផែនការយើងហ្នឹង ប្រើប្រាស់កីឡាករដែលមានសិន រហូតដល់ចប់ជុំទី១ ហើយមុនចូលជុំទី២ យើងនឹងសម្លឹងរកកីឡាករមកបំពេញបន្ថែម» ។ ប៉ុន្ដែយ៉ាងណាលោកមិនបានបង្ហើបកីឡាករថ្មី ដែលត្រូវជ្រើសរើស គឺជាកីឡាករបរទេស ឬកីឡាករក្នុងស្រុកនោះទេ ៕

អត្ថបទ៖ បុត្រា

មតិយោបល់