លីគកំពូល៖ សាន គឹមហេង គឺជាកីឡាករខ្មែរម្នាក់គត់ដែលស្ថិតក្នុង Top-4 នៃបញ្ជី Top-Scorers

នូ មករា June 6, 2018


ភ្នំពេញ៖ គិតត្រឹមសប្ដាហ៍ទី៨ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ កីឡាករវ័យក្មេង សាន គឹមហេង គឺជាកីឡាករកម្ពុជាម្នាក់គត់ ដែលរកបានគ្រាប់បាល់ច្រើនជាងគេ បើធៀបនឹងកីឡាករកម្ពុជាដូចគ្នា តែបើក្រឡេកមើលតារាងចំណាត់អ្នកទាត់ចូលទីច្រើនជាងគេ(Top-Scorers) ។ សមាជិកក្រុមវិសាខានេះ បានឈរក្នុងប្រអប់ Top-4 ក្រោយរកបាន ៥គ្រាប់ក្នុងការប្រកួត ៨ប្រកួតកន្លងមក ។
សម្រាប់ ៥គ្រាប់របស់អតីតយុវជនសាលាបាល់ទាត់ជាតិបាទីនេះ គឺរកបាន ១គ្រាប់ក្នុងជ័យជម្នះលើក្រុមវេស្ទើន ៣-០, រកបាន ២គ្រាប់ពេលឈ្នះក្រសួងការពារជាតិ ២-០, រកបាន ១គ្រាប់ពេលចាញ់ក្រុមប៉ូលិស ៣-១ និងរកបាន ១គ្រាប់ ពេលវិសាខាយកឈ្នះក្រុមណាហ្គាវើល ៣-០ ។ សមិទ្ធិផលនេះ បានធ្វើឲ្យ គឹមហេង ឈរក្នុងប្រអប់ Top-4 ជាមួយកីឡាករបរទេស ៤នាក់ទៀត គឺកីឡាករ Maycon របស់បឹងកេត, No Dae-ho របស់ប៉ូលិស និងកីឡាករ Choe Myong-Ho របស់វិសាខា និងកីឡាករ Bata របស់សូលទីឡូអង្គរ ដែលរកបាន ៥គ្រាប់ស្មើគ្នា ។ ដោយឡែកកីឡាករឈរកំពូលតារាង Top-Scorers គឺសមាជិកក្រុមបឹងកេត Julius Oiboh ដែលរកបាន ៨គ្រាប់ គ្រាដែលកៅអី Top-2 មាន ២នាក់ គឺកីឡាករ Befolo Mbarga របស់អាស៊ីអឺរ៉ុប និងកីឡាករ Bisan George របស់ណាហ្គាវើល ។

យ៉ាងណាមិញការប្រកួត ទើបដំណើរការបាន ៨សប្ដាហ៍ប៉ុណ្ណោះ ហើយចុងសប្ដាហ៍នេះ គឹជាការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី៩ ហេតុនេះកីឡាករម្នាក់ៗ សុទ្ធតែមានឱកាសស្វែងរកគ្រាប់បាល់បន្ថែម ។ ប៉ុន្ដែបើតាមការលើកឡើងរបស់សាមីខ្លួនផ្ទាល់ តួយ៉ាងដូចជាកីឡាករ Julius ជាដើម ការរកគ្រាប់បាល់បានច្រើន មិនមែនជារឿងសំខាន់នោះទេ សំខាន់គឺការជួយក្រុមរកបាន ៣ពិន្ទុ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់