ក្តៅៗ ទ័ព សម្រេចផ្តាច់កិច្ចសន្យា និងកាត់ប្រាក់ខែកីឡាករក្រោយប៉ះទង្គិចជាមួយព្រះខ័នរាជស្វាយរៀង

នូ មករា June 5, 2018


ភ្នំពេញ៖ មុននេះបន្តិចថ្នាក់ដឹកនាំ ក្លឹបក្រសួងការពារជាតិបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានអំពីការដាក់ពិន័យលើកីឡាកររបស់ខ្លួនចំពោះករណីប៉ះទង្គិចគ្នាជាមួយក្រុមព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។ តាមការលើកឡើងរបស់ លោក ខូវ ឆាយ អគ្គលេខាធិការក្លឹបក្រសួងការពារជាតិបានឱ្យដឹងថា ក្លឹបបានសម្រេចផ្តាច់កិច្ចសន្យាជាមួយកីឡាករកូរ៉េ Song Chihoon ព្រមទាំងសម្រេចកាត់ប្រាក់ខែ ២ខែលើកីឡាករ Yudai Ogawa  ដែលកំពុងរងរបួសបន្ទាប់ពីរកឃើញថាកីឡាករទាំង ២រូបនេះមានកំហុសពាក់ព័ន្ធនឹងករណីខាងលើ ។

សូមបញ្ជាក់ថា ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនាជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រសួងការពារជាតិ ដែលមានការប៉ះទង្គិចគ្នានៅចុងម៉ោង រហូតមានកីឡាករ ៥នាក់ត្រូវបានពិន័យកាតក្រហម ដោយនៅពេលនោះក្រោយមានការប៉ះទង្គិចរវាងកីឡាករ ណុប តុលា និង Song Chihoon មានការដេញវាយគ្នាពេញទីលាន ដោយសារការមិនយោគយល់គ្នា ។ ជុំវិញការប៉ះទង្គិចនេះ កីឡាករ ៥នាក់ត្រូវបានពិន័យកាតក្រហម ក្នុងនោះមានកីឡាករម្ចាស់ផ្ទះ ៣នាក់ គឺ សឿយ វិសាល, ណុប តុលា និង សុក សំណាង ។ ឯកីឡាករក្រសួងការពារជាតិមាន ២នាក់ គឺកីឡាករ Song Chihoon និងកីឡាករ Yudai Ogawa ៕


អត្ថបទ៖ មករា និង បុត្រា

មតិយោបល់