Yudai Ogawa អរគុណមិត្តរួមក្រុមសម្រាប់​៣ពិន្ទុទាំងរបួសត្រចៀក និងសម្រាកព្យាបាល ១ខែ

នូ មករា June 5, 2018


ភ្នំពេញ៖ ខ្សែបម្រើ Yudai Ogawa របស់ក្រុមក្រសួងការពារជាតិដែលបានរងរបួសក្នុងពេលប៉ះទង្គិចជាមួយសមាជិកក្រុមព្រះខ័នរាជស្វាយរៀងកាលពីការប្រកួតលីគកំពូលកម្ពុជាសប្តាហ៍ទី៨ នោះបានបង្ហោះសារអរគុណចំពោះមិត្តរួមក្រុមរបស់ខ្លួនសម្រាប់ ៣ពិន្ទុនៃជ័យជម្នះលើក្រុមម្ចាស់ផ្ទះ ខណៈដែលរូបគេនឹងត្រូវអវត្តមានពីទីលានយ៉ាងហោចណាស់ ១ខែដើម្បីសម្រាកព្យាបាលរបួស ។

តាមការឱ្យដឹងពីសាមីខ្លួន ក៏ដូចជាគ្រូបង្គោលក្រុមទ័ព កីឡាករជនជាតិជប៉ុនរូបនេះបានបែកក្រដាសត្រចៀកនឹងទាមទារឱ្យមានការតាមដានក៏ដូចជាព្យាបាលយ៉ាងចិត្តទុកដាក់ផងដែរ ។ សូមបញ្ជាក់ថា ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនាជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រសួងការពារជាតិ ដែលមានការប៉ះទង្គិចគ្នានៅចុងម៉ោង រហូតមានកីឡាករ ៥នាក់ត្រូវបានពិន័យកាតក្រហម ។ ការប្រកួតដ៏តឹងតែងនេះ គឺក្រុមភ្ញៀវរកបានគ្រាប់ទម្លាយសំណាញ់ទីមុន ដោយកីឡាករ Na Hyosung បន្ទាប់មកទើប ណុប តុលា វាយបកជួយស្វាយរៀងតាមស្មើ ១-១ នៅនាទី៦៥ ។ ប៉ុន្ដែក្រោយមកក៏មានបញ្ហាដាច់ភ្លើង ត្រូវសម្រាកជាច្រើននាទី មុនត្រឡប់ចូលការប្រកួតវិញ ។ ក្រោយបន្ដការប្រកួតវគ្គទី២ ក្រុមក្រសួងការពារជាតិបានបន្ថែម ១គ្រាប់ទៀត ដោយកីឡាករ Song Chihoon ហើយក៏ជាគ្រាប់បាល់ជួយឲ្យការពារជាតិទទួលបាន ៣ពិន្ទុផងដែរ ។

នៅចុងម៉ោង ក្រោយមានការប៉ះទង្គិចរវាងកីឡាករ ណុប តុលា និង Song Chihoon ដោយបានបង្កជាការដេញវាយគ្នាពេញទីលាន ដោយសារការមិនយោគយល់គ្នា ។ ជុំវិញការប៉ះទង្គិចនេះ កីឡាករ ៥នាក់ត្រូវបានពិន័យកាតក្រហម ក្នុងនោះមានកីឡាករម្ចាស់ផ្ទះ ៣នាក់ គឺ សឿយ វិសាល, ណុប តុលា និង សុក សំណាង ។ ឯកីឡាករក្រសួងការពារជាតិមាន ២នាក់ គឺកីឡាករ Song Chihoon និងកីឡាករ Yudai Ogawa ៕

អត្ថបទ៖ បុត្រា និង មករា

 

មតិយោបល់