ស្វាយរៀង និងបាត់ដំបង គ្រងជើងឯកបាល់ទាត់បុរស-នារី ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី២

នូ មករា June 4, 2018


ភ្នំពេញ៖ សម្រាប់ប្រភេទកីឡាបាល់ទាត់ក្រោមអាយុ ១៦ឆ្នាំ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី២ បានបញ្ចប់ជាស្ថាពរហើយ ដោយក្រុមបាល់ទាត់បុរសខេត្តស្វាយរៀង និងខេត្តបាល់ទាត់នារីខេត្តបាត់ដំបង បានឈ្នះមេដាយមាសរៀងៗខ្លួន ក្រោយផ្ដួលគូប្រកួត នៅលើទីលានមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី កាលពីល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ ។

សម្រាប់ក្រុមបាល់ទាត់ខេត្តស្វាយរៀង បានគ្រងជើងឯកផ្នែកបុរស ក្រោយយកឈ្នះក្រុមខេត្តបន្ទាយមានជ័យ ដោយលទ្ធផល ២-១ ។ ការប្រកួតនេះ បានបញ្ចប់ដោយតានតឹងបំផុត បន្ទាប់ពីក្រុមទាំងពីរ បានទម្លាយសំណាញ់ទីគ្នា ១គ្រាប់រៀងៗខ្លួននៅតង់ទី១ ពួកគេបានព្យាយាមវាយបកកាន់តែខ្លាំងនៅតង់ទី២ តែមិនបានសម្រេចភ្លាមៗនោះទេ ផ្ទុយទៅវិញកីឡាករស្វាយរៀងម្នាក់ ត្រូវបានពិន័យកាតក្រហមទៀតផង ។

ប៉ុន្ដែទោះបីខេត្តបន្ទាយមានជ័យ មានប្រៀបកីឡាករម្នាក់លើទីលានក្ដី ក៏ខេត្តស្វាយរៀង នៅតែបន្ដប្រយុទ្ធឥតឈប់ឈរ រហូតដល់ម៉ោងបង្គ្រប់ ៣នាទីចុងក្រោយកីឡាករ វ៉ា វិសាល បានទម្លាយសំណាញ់ទី ១គ្រាប់ឲ្យក្រុមបាល់ទាត់ខេត្តស្វាយរៀង ដែលជាគ្រាប់បាល់បញ្ចប់ក្ដីសង្ឃឹមរបស់ខេត្តបន្ទាយមានជ័យតែម្ដង ។ ដូច្នេះព្រឹត្តិការណ៍នេះ ក្រុមបាល់ទាត់ខេត្តស្វាយរៀងទទួលបានមេដាយមាស, ខេត្ដបន្ទាយមានជ័យ ទទួលបានមេដាយប្រាក់ និងខេត្តកំពង់ឆ្នាំង ទទួលបានមេដាយសំរឹទ្ធ ។

ដោយឡែកផ្នែកបាល់ទាត់នារី គឺក្រុមបាល់ទាត់ជើងឯកច្រើនសម័យកាល នៃការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ខេត្តបាត់ដំបង បានទទួលមេដាយមាស ខណៈខេត្តកំពង់ស្ពឺ ទទួលបានមេដាយប្រាក់ និងក្រុមបាល់ទាត់នារីខេត្តស្វាយរៀង បានត្រឹមមេដាយសំរឹទ្ធ មិនដូចក្រុមបាល់ទាត់បុរសឡើយ ។ ចំពោះពិធីបិទការប្រកួតលើប្រភេទកីឡាបាល់ទាត់ គឺបានធ្វើឡើងក្រោមវត្តមានលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកដ្ឋានកីឡា និងលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ៕

អត្ថបទ៖ បុត្រា

មតិយោបល់