ភ្នំពេញក្រោនបាន ៣ពិន្ទុបន្ថែម ខណៈស្វាយរៀង ប៉ះទ័ព អាជ្ញាកណ្ដាលចាយកាតក្រហម ៥ នៅចុងម៉ោង

នូ មករា June 4, 2018


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា បានបញ្ចប់សប្ដាហ៍ទី៨ ហើយ ដោយម្សិលមិញអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន រកបាន ៣ពិន្ទុបន្ថែម ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះវេស្ទើនភ្នំពេញ ១-០ ។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍លើសនេះ គឺជំនួបរវាងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង និងក្រុមក្រសួងការពារជាតិ អាជ្ញាកណ្ដាលបានចាយកាតក្រហមទៅដល់ ៥ ឯណោះ មុនបញ្ចប់ការប្រកួតដែលក្រុមក្រសួងការពារជាតិឈ្នះ ២-១ ។

ចំពោះជំនួបរវាងក្រុមភ្នំពេញក្រោន និងវេស្ទើន ត្បិតមានការទាត់បញ្ចូលទីគ្នា ១គ្រាប់ក៏ពិតមែន ប៉ុន្ដែអ្នកគាំទ្រ នៅតែបន្ដកោតសរសើរ ចំពោះទម្រង់លេងរបស់ក្រុមភ្នំពេញក្រោន ។ តួយ៉ាងលោក Sean Sainsbury គ្រូបង្វឹករបស់ភ្នំពេញក្រោន បានលើកឡើងថា ការប្រកួតនេះបានបញ្ចប់យ៉ាងរលូន ព្រោះកូនក្រុមបានធ្វើតាមគម្រោង ដែលបង្កើតឱកាសបានច្រើន ទោះបីពួកគេមិនបញ្ចប់ទីមិនបានល្អក៏ដោយ ។ លោករំពឹងថា ការប្រកួតបន្ទាប់ កូនក្រុមខ្លួននឹងព្យាយាមធ្វើបានកាន់តែល្អ ដើម្បីស្វែងរកពិន្ទុបន្ថែម ។

ប៉ុន្ដែអ្វីគួរឲ្យភ្ញាក់ផ្អើលប្រចាំការប្រកួតសប្ដាហ៍ទី៨ កាលពីម្សិលមិញ គឺជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រសួងការពារជាតិ ដែលមានការប៉ះទង្គិចគ្នានៅចុងម៉ោង រហូតមានកីឡាករ ៥នាក់ត្រូវបានពិន័យកាតក្រហម ។ ការប្រកួតដ៏តឹងតែងនេះ គឺក្រុមភ្ញៀវរកបានគ្រាប់ទម្លាយសំណាញ់ទីមុន ដោយកីឡាករ Na Hyosung បន្ទាប់មកទើប ណុប តុលា វាយបកជួយស្វាយរៀងតាមស្មើ ១-១ នៅនាទី៦៥ ។ ប៉ុន្ដែក្រោយមកក៏មានបញ្ហាដាច់ភ្លើង ត្រូវសម្រាកជាច្រើននាទី មុនត្រឡប់ចូលការប្រកួតវិញ ។ ក្រោយបន្ដការប្រកួតវគ្គទី២ ក្រុមក្រសួងការពារជាតិបានបន្ថែម ១គ្រាប់ទៀត ដោយកីឡាករ Song Chihoon ហើយក៏ជាគ្រាប់បាល់ជួយឲ្យការពារជាតិទទួលបាន ៣ពិន្ទុផងដែរ ។

ប៉ុន្ដែរឿងដ៏គួរឱ្យភ្ញាក់ផ្អើលបានកើតឡើងនៅចុងម៉ោង ក្រោយមានការប៉ះទង្គិចរវាងកីឡាករ ណុប តុលា និង Song Chihoon ដោយបានបង្កជាការដេញវាយគ្នាពេញទីលាន ដោយសារការមិនយោគយល់គ្នា ។ ជុំវិញការប៉ះទង្គិចនេះ កីឡាករ ៥នាក់ត្រូវបានពិន័យកាតក្រហម ក្នុងនោះមានកីឡាករម្ចាស់ផ្ទះ ៣នាក់ គឺ សឿយ វិសាល, ណុប តុលា និង សុក សំណាង ។ ឯកីឡាករក្រសួងការពារជាតិមាន ២នាក់ គឺកីឡាករ Song Chihoon និងកីឡាករ Yudai Ogawa ។

គួរបញ្ជាក់ថា ចំពោះលទ្ធផលបណ្ដោះអាសន្នគិតត្រឹមសប្ដាហ៍ទី៨ នេះ គឺក្រុមបឹងកេត កំពុងឈរកំពូលតារាងមាន ២០ពិន្ទុ នាំមុខក្រុមឈរលេខរៀងទី២ ណាហ្គាវើល ១ពិន្ទុ ។ ចំណែកក្រុមវិសាខាឈរលេខរៀងទី៣ មាន ១៦ពិន្ទុ លើក្រុមប៉ូលិស និងក្រុមភ្នំពេញក្រោន ដែលមាន ១៤ពិន្ទុស្មើគ្នា ។ រីឯក្រុមក្រសួងការពារជាតិ ឈរលេខរៀងទី៦ មាន ១២ពិន្ទុលើក្រុមព្រះខ័នរាជស្វាយរៀងមាន ១១ពិន្ទុឈរលេខរៀងទី៧ ៕

អត្ថបទ៖ បុត្រា

មតិយោបល់