គ្រូទ័ព តាំងចិត្តដើរចេញពីបាល់ទាត់មួយជីវិត បើខ្លួនប្រព្រឹត្ដហួសហេតុដូចការចោទប្រកាន់!

នូ មករា June 3, 2018


ភ្នំពេញ៖ លោក ភា សុភក្ត្រា គ្រូបង្គោលក្រុមបាល់ទាត់ក្រសួងការពារជាតិ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួននាព្រឹកថ្ងៃទី៣ ខែមិថុនានេះដោយបានបង្ហាញពីភាពមិនពេញចិត្ត ក៏ដូចជាការខកចិត្តបន្ទាប់ពីលិខិតបណ្តឹងឧទ្ធរណ៍របស់លោកពាក់ព័ន្ធនឹងការដាក់ពិន័យនាពេលថ្មីនេះនៅមិនទាន់មានដំណោះស្រាយនៅឡើយនោះ ។ គ្រូបង្វឹកវ័យក្មេងរូបនេះ បានទាំងលើកឡើងទៀតថា លោកសុខចិត្តដើរចេញពីបាល់ទាត់មួយជីវិតប្រសិនបើរូបលោកពិតជាបានប្រព្រឹត្តហួសហេតុដូចការចោទប្រកាន់មែននោះ ។ ការប្រកាន់ជំហរដ៏តឹងរឹងមួយនេះ ធ្វើឡើងស្របពេលោក កំពុងរង់ចាំការដោះស្រាយពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ចំពោះបណ្ដឹងឧទ្ធរណ៍ ដែលបានប្ដឹងតវ៉ានឹងការដាក់ពិន័យរបស់គណៈកម្មការវិន័យ-FFC មិនឲ្យដឹកនាំក្រុម ៤ប្រកួតក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ក្រោមបទចោទប្រកាន់ ២ករណី គឺបទមិនគោរពតាមការសម្រេចរបស់មន្ដ្រីការប្រកួត និងបទជេរប្រមាថ អំឡុងពេលក្រសួងការពារជាតិ ប្រកួតចាញ់ក្រុមវិសាខា ២-០ កាលពីថ្ងៃទី១៩ ខែឧសភាកន្លងទៅ ។

ក្រោយបណ្ដេញពីទីលានប្រកួតភ្លាមៗ លោក ភា សុភ័ត្រា ត្រូវបានគណៈកម្មវិន័យចេញលិខិតផ្លូវការ ដោយព្យួរការដឹកនាំ ៤ប្រកួតកាលពីថ្ងៃទី២៥ ខែឧសភា បន្ទាប់មកទើបលោកបញ្ជូនឯកសារបណ្ដឹងឧទ្ធរណ៍ទៅសហព័ន្ធ នៅថ្ងៃទី២៨ ប៉ុន្ដែរហូតមកទល់ពេលនេះ ពុំទាន់មានការដោះស្រាយនោះទេ ត្បិតបណ្ដឹងឧទ្ធរណ៍ក្នុងលិខិតពិន័យរបស់គណៈកម្មការវិន័យ-FFC មានសុពលភាពត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ ។ ដោយហេតុនេះ ទើបលោកកើតទុក្ខមិនសុខចិត្ត ហើយនិយាយធ្ងន់ៗថា ខ្លួនអាចបញ្ចប់អាជីព បើសិនបើខ្លួនបានប្រព្រឹត្ត ដូចការចោទប្រកាន់ពិតមែន ។

បញ្ជាក់បន្ថែមលើសារនេះ គ្រូបង្វឹកកម្រិត A-License ដដែល ហាក់ដូចជាគ្មានទំនុកចិត្តលើការអនុវត្តការងាររបស់មន្ដ្រីសហព័ន្ធកីឡាកម្ពុជាឡើយ ។ លោកបានលើកឡើងថា៖ «បណ្ដឹងឧទ្ធរណ៍ ខ្ញុំបានផ្ញើទៅសហព័ន្ធនៅថ្ងៃច័ន្ទ បន្ទាប់ពីប្រកួតជាមួយណាហ្គាវើល ហើយគេនិយាយថា ៥ថ្ងៃជាធរមាន បើសិនគ្មានការប្ដឹងតវ៉ា ។ ប៉ុន្ដែវាយឺតយ៉ាវសម្រាប់ខ្ញុំ បើដោះស្រាយថ្ងៃអង្គារ ពុធ ឬថ្ងៃព្រហស្បត្ដិ៍ អត់បញ្ហាទេ យើងធ្វើការងារហ្នឹង តែឥលូវមកដល់ថ្ងៃប្រកួតទៀតហើយ ចឹងមានន័យថា រយៈពេលកំណត់ហ្នឹង វាអត់មានតុល្យភាពសម្រាប់ខ្ញុំ ហើយធ្វើឲ្យខាត់ការប្រកួតខ្ញុំមួយពេលទៀត ។ ចឹងមានន័យថា ខ្ញុំបន្ដការពិន័យហ្នឹងដល់សប្ដាហ៍ទី២ ក្នុងចំណោម ៤ប្រកួតហើយ តែបើអត់ដោះស្រាយឲ្យខ្ញុំទៀត ខ្ញុំអាចខាតសប្ដាហ៍ទី៣ និងទី៤ ទៀត» ។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺលោកបានសង្កត់ធ្ងន់ៗថា៖ «បើខ្ញុំមិនឈ្នះបណ្ដឹងឧទ្ធរណ៍ហ្នឹង ខ្ញុំឈប់ហើយ ខ្ញុំតាំងចិត្តអញ្ចឹងហ្មង ដើរចេញតែម្ដង ព្រោះពិបាក ។ ពេលខ្លះវាអយុត្តិធម៌សម្រាប់ខ្ញុំ អយុត្តិធម៌ពេក បើខ្ញុំធ្វើ ខ្ញុំប្រព្រឹត្ត ខ្ញុំទទួលយក ប៉ុន្ដែខ្ញុំអត់បានធ្វើហួសហេតុដូចគេបានចេញលិខិតមកអញ្ចឹង មានន័យថា ដូចជាបំផ្លើស និងបំពានមកលើខាងជំនាញយើង ហើយមានសិទ្ធិប្ដឹងតវ៉ា តែអត់ដោះស្រាយឲ្យហើយទៀត ខ្ញុំគិតថា ខ្ញុំដូចជាមិនអាចនៅបន្ដទៀតបានទេ» ។

សូមរំឮកថា លោក ភា សុភ័ត្រា ត្រូវបានលោក អេង ពៅទិត្យ ប្រធានគណៈកម្មការវិន័យរបស់ FFC សម្រេចចេញលិខិតពិន័យ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ មិនឲ្យដឹកនាំក្រុម ៤ប្រកួត ក្រោមបទចោទប្រកាន់ “មិន គោរពតាមការសម្រេចចិត្តរបស់មន្ត្រីការប្រកួត” និងបទ “ជេរប្រមាថ” ដោយផ្អែកលើមាត្រា ៤៧នៃ ក្រមសីលធម៌ និងក្រមវិន័យ ចំណុច “ច” ដោយហាមមិនឲ្យប្រើភាសា ឬកាយវិការជេប្រមាថមាក់ងាយ ឬសម្តី គ្រោកគ្រាត និងមាត្រា ៤៩ លើចំណុច “ក” ដោយត្រូវព្យួរយ៉ាងហោចណាស់៤ប្រកួត ក្នុងករណីមានឥរិយាបថ មិនមែនកីឡាចំពោះមន្ត្រីការប្រកួត ៕

អត្ថបទ៖ បុត្រា និង មករា

 

មតិយោបល់