លីគកំពូលថ្ងៃនេះ៖ គូឯកណាហ្គាវើល ប៉ះវិសាខា និងគូជក់ចិត្ត ២គូទៀត

នូ មករា June 2, 2018


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៨ វគ្គសន្សំពិន្ទុជើងទី១ នឹងឈានដល់សប្ដាហ៍ទី៨ នារសៀលថ្ងៃទី០២ ខែមិថុនានេះហើយ ដោយមាន ៣ប្រកួតសុទ្ធសឹងជាគូល្អមើល ពិសេសគឺការជួបគ្នារវាងក្រុមណាហ្គាវើល និងក្រុមវិសាខា នៅកីឡដ្ឋានស្ដាតចាស់ ដែលត្រូវបានគេចាត់ទុកជាគូឯកប្រចាំថ្ងៃនេះតែម្ដង ។ ចំពោះក្រុមណាហ្គាវើល បច្ចុប្បន្នគឺជាក្រុមតែមួយគត់ ដែលមិនទាន់ស្គាល់ចាញ់ក្នុងការប្រកួត ៧សប្ដាហ៍កន្លងទៅ ដោយរកបាន ១៩ពិន្ទុឈរកំពូលតារាង ។

រីឯក្រុមវិសាខា គឺជាក្រុមកំពុងឡើងជើង ត្បិតពួកគេរងបរាជ័យក្រោមថ្វីជើងក្រុមប៉ូលិស ៣-១ កាលពីសប្ដាហ៍មុនក៏ដោយ ។ ការប្រកួតនេះ ត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកគាំទ្របានច្រើន ដើម្បីចូលរួមទស្សនា និងលើកទឹកចិត្តផ្ទាល់នៅកីឡដ្ឋានស្ដាតចាស់ ។

ក៏ប៉ុន្ដែមុនឈានដល់ជំនួបគូឯកនេះ ក្រុមការពារតំណែងជើងឯកបឹងកេត ក៏ត្រូវជួបក្រុមអង្គរថាយហ្គឺរ នៅកីឡដ្ឋានស្ដាតចាស់ផងដែរ ។ កាលពីរដូវកាលមុនបឹងកេត បានយកឈ្នះអង្គរថាយហ្គឺរ ៣-១ ទាំង ២ជើង ដូច្នេះចាំមើលល្ងាចនេះ បឹងកេត ឬក្រុមមកពីខេត្តសៀមរាប នឹងទទួលបាន ៣ពិន្ទុក្នុងជំនួបជើងទី១ នេះ? ចំណែកអាស៊ីអឺរ៉ុប ក៏នឹងត្រូវបើកទ្វារកីឡដ្ឋាន AEU Sport Park របស់ខ្លួន ទទួលក្រុមកំពុងឡើងជើងអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) នារសៀលនេះផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់