ឃួន ឡាបូរ៉ាវី បង្ហើបមូលហេតុទៅលេងនៅលីគទី៣ របស់ថៃ

នូ មករា May 31, 2018


ភ្នំពេញ៖ ក្រោយធ្វើដំណើរទៅទឹកដីថៃ ដើម្បីរួមរស់ជាមួយក្លឹបថ្មី Surat Thani FC អតីតប្រធានក្រុមបឹងកេតអែហ្វស៊ី កីឡាករ ឃួន ឡាបូរ៉ាវី បានបង្ហោះសារមួយ លើគណនីហ្វេសប៊ុករបស់ខ្លួន ដោយពោរពេញដោយអត្ថន័យ និងចង់បញ្ជាក់ពីមូលហេតុ ជុំវិញការចាកចេញពីក្រុមការពារតំណែងជើងឯកបឹងកេត ទៅលេងឲ្យក្លឹប នៃលីគលំដាប់ទី៣ របស់ថៃផងដែរ ។
ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជារូបនេះ បានសរសេរថា៖ «សូមអគុណចំពោះការគាំទ្រនិងលើកទឹកចិត្តខ្ញុំក្នុងការមកសាកល្បងសម្ថភាពនៅលីកក្រៅប្រទេស វាជាចំណុចចាប់ផ្តើមថ្មីមួយ ដូចច្នេះខ្ញុំជ្រើសយកក្រុមណា ដែលអាចអោយខ្ញុំបង្ហាញខ្លួនបានច្រើន និងត្រូវការខ្ញុំឱ្យលេងឱ្យគេពិតមិនមែនគ្រាន់ចង់ប្រើរូបយើងដើម្បីចង់ឱ្យប្រជាជនខ្មែរស្គាល់ក្រុមគេនោះទេ» ។
ការបង្ហោះសារនេះដែរ ក្រៅពីបញ្ជាក់ពីមូលហេតុទៅលេងនៅលីគទី៣ របស់ថៃ ឡាបូរ៉ាវី ក៏ហាក់ចង់ផ្លែផ្កាឲ្យក្រុមបរទេសមួយ ដែលបាននាំយកកីឡាករខ្មែរ ទៅបញ្ឈរជើង ១រដូវកាលពេញកាលពីពេលថ្មីៗផងដែរ ។ តាមគម្រោងម្ចាស់អាវលេខ៩ រូបនេះ គ្រោងនឹងបង្ហាញខ្លួនជាមួយក្រុម Surat Thani ក្នុងពេលឆាប់ៗខាងមុខ ជាមួយនឹងការប្រកួតជើងទី២ នៃលីគទី៣ ក្រោយបញ្ចប់ការប្រកួតជើងទី១ កាលពីពេលថ្មីៗ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់