សុិន កក្កដា៖ ខ្ញុំផ្តោតលើភ្នំពេញក្រោនជាធំ ចំណែករឿងទៅអេស្ប៉ាញជាគោលដៅបន្ទាប់ប៉ុណ្ណោះ!

នូ មករា May 31, 2018


ភ្នំពេញ៖ នាពេលថ្មីៗនេះមានការលេចលឺថា កីឡាករកម្ពុជា ២រូបគឺ សុិន កក្កដា និង ច្រឹង ពលរដ្ឋ បានទទួលការអញ្ជើញឲ្យចូលរួមហ្វឹកហាត់ជាមួយក្លឹបបាល់ទាត់ La Nucia ដែលជាសមាជិកលីគទី៤ អេស្ប៉ាញ សម្រាប់រយៈពេល ២ឆ្នាំឯណោះ ។ មិនត្រឹមតែប៉ុណ្ណោះកីឡាករវ័យក្មេងទាំងពីរក៏ទើបតែបានចូលសំភាសន៍នៅស្ថានទូតបារាំង (កម្ពុជាមិនមានស្ថានទូតអេស្ប៉ាញតាំងនៅនោះទេ) កាលពីពេលថ្មីៗផងដែរ ។

កីឡាករវ័យក្មេងរបស់ភ្នំពេញក្រោន សុិន កក្កដា បានបញ្ជាក់ថា រូបគេពិតជាទទួលបានការអញ្ជើញពីក្លឹបអេស្ប៉ាញខាងលើនេះពិតប្រាកដមែន ប៉ុន្តែអ្វីៗស្ថិតនៅក្នុងដំណើរការនៅឡើយដោយសារតែភាគីអេស្ប៉ាញកំពុងបំពេញការងារនេះ ហើយសាមុីខ្លួនផ្ទាល់ក៏មិនដឹងច្បាស់ថា រូបគេពិតជាអាចបានចេញទៅក្រៅប្រទេសឬយ៉ាងណានោះទេ ដរាបណាមិនទាន់មានការជូនដំណឹងពីភាគីអេស្ប៉ាញនោះ ។

យ៉ាងណាក៏ដោយ ខ្សែបម្រើប្រយុទ្ធរូបនេះបានលើកឡើងថា៖ «សម្រាប់ខ្ញុំ គោលដៅសំខាន់នាពេលបច្ចុប្បន្នគឺរួមចំណែកជួយភ្នំពេញក្រោនក្នុងរដូវកាលនេះសិន ចំណែករឿងទៅអេស្ប៉ាញគឺជារឿងបន្ទាប់ព្រោះកិច្ចការនេះមានបញ្ហាច្រើនដែលត្រូវដោះស្រាយហើយតម្រូវឲ្យទាំងខាងអេស្ប៉ាញ និងខាងខ្មែរយើងជជែកគ្នាឱ្យបានច្បាស់សិន ។»​ រូបគេបានបន្ថែមថា៖ «ខាងក្លឹបភ្នំពេញក្រោន ជាពិសេសលោកប្រធានក្លឹបបានផ្តល់ឱកាស និងគាំទ្រចំពោះការចេញទៅលេងនៅក្រៅស្រុក ដូច្នេះខ្ញុំមិនមានការបារម្ភនោះទេ សំខាន់គឺភ្នំពេញក្រោន ជាគោលដៅធំ ព្រោះយើងត្រូវការលទ្ធផលល្អជាចាំបាច់ ចំពោះការចេញទៅក្រៅស្រុកគឺអាស្រ័យលើភាពជាក់ស្តែងនៅពេលខាងមុខចុះ។ »​

សូមបញ្ជាក់ថា សុិន កក្កដា គឺជាយុវជនដ៏លេចធ្លោរម្នាក់របស់ក្លឹបភ្នំពេញក្រោន ថែមទាំងបានទទួលការកោតសរសើរពីសំណាក់គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក ប្រាក់ សុវណ្ណារ៉ា ផងដែរក្នុងការបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិកម្ពុជានាពេលកន្លងមកផងដែរ ៕

អត្ថបទ៖ មករា

 

 

មតិយោបល់